(ភ្នំពេញ)៖ ប្រាកដណាស់ប្រិយមិត្តដែលបានតាមដានហេតុការណ៍ បាញ់ប្រហារបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី គឺពិតជាចង់ដឹងពីមូលហេតុ ក៏ដូចជា ដំណើរដើមទង ដែលនាំឲ្យមានហេតុការណ៍ ដ៏យ៉ាងសាហាវនេះកើតឡើង។

នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ បណ្ដាញព័ត៌មាន Fresh News បានទទួលរបាយការណ៍ពីសមត្ថកិច្ច ដែលបានបង្ហាញពីការ​រៀបរាប់យ៉ាងច្បាស់ ពីដំណើររឿង និងមូលហេតុលម្អិតដែលឈាន ទៅដល់ការបាញ់ប្រហារខាងលើនេះ។

ខាងក្រោមនេះជាអង្គហេតុលម្អិត ដែលត្រូវបានលោកឧត្តមសេនីយ៍ ហុង វិណុល មេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមស៊ើបអង្កេតលើករណីឃាតកម្មនេះ ដាក់ជូនទៅតំណាង អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី៖

អង្គហេតុ៖ នៅកំឡុងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ឈ្មោះ ជិន ជនជាតិវៀតណាម បានជួបជាមួយមនុស្ស៣នាក់, ទី១៖ ឈ្មោះ ផល ពេ​ញ នាយប៉ុស្តិ៍អូរលែ វរៈនគរបាលការពារព្រំដែនលេខ៦២១ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី, ទី២៖ ឈ្មោះ ទន ធារ៉ា ហៅក្អូន មន្រ្តីប៉ុស្តិ៍អូរលែ វរៈនគរបាលការពារព្រំដែនលេខ៦២១ នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី, ទី៣៖ ឈ្មោះ កើត វេហា ហៅឆៃ ជាមេបញ្ជាការ​រងកងអនុ​សេនាតូចទី៣ កងអនុសេនាធំទី២ វរយោធាការពារព្រំដែនលេខ១០៣ តំប​ន់​ប្រតិបត្តិ​ការ​សឹ​ក​រងមណ្ឌលគិរី ដើម្បី​សុំ​​យកម៉ូតូ​៤​គ្រឿង និងរណារយន្ត២គ្រឿង ចូលមកកាប់​ឈើនៅ​ចំណុ​ច​​ភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្ត​មណ្ឌល​គិរី រយៈពេល១សប្តាហ៍ ដោយ​បង់ប្រាក់ជូន​៥លានដុង ​ក្នុងម៉ូតូ១គ្រឿង។

ពួកគេក៏បានឯកភាព ហើយ​ក៏ធ្លាប់​ទទួល​លុយ​ពីជនជាតិវៀតណាម១ដង ដោយខាងនគរបាល​(ផល ពេញ និង ទន ធារ៉ា) បាន​ទទួល​ប្រាក់​១០លានដុង និ​ង​ខាងយោធាឈ្មោះ កើត វេហា ទទួលបាន១០លាន​ដុង ហើយបែងចែកឲ្យឈ្មោះ កើត វេត្តា មេបញ្ជាការ​កងអនុ​សេនាតូចទី៣ នៃវរៈយោធាការ​ពារព្រំដែនលេខ១០៣ តំបន់​ប្រតិបត្តិ​ការ​សឹ​ក​រងមណ្ឌលគិរី ជាមេ​របស់ឈ្មោះ កើត វេហា។

នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមល្បាតព្រៃឈើចំនួន០៣នាក់ និងគ្រូបង្រៀនចំនួន​០១នា​​ក់ មានឈ្មោះ សេក វឌ្ឍនា នាយអាវុធហត្ថលើ​​​​​ផ្ទៃប្រទេស, ឈ្មោះ តើន សុខណៃ មន្ត្រីបរិស្ថាន, ឈ្មោះ ធុល ខ្នា, បុគ្គ​លិ​​ក​​អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងឈ្មោះ ពូម ងា ជាគ្រូបង្រៀន បានជិះម៉ូតូចំនួន០៣គ្រឿង ចុះល្បាតដើម្បីទៅពិនិត្យផ្លូវដែល ក្រុមវិស្វកម្មកំពុងធ្វើ និងទៅមើលចំណុចដែលឈ្មោះ ពូម ងា ស្នើសុំឈើធ្វើផ្ទះរបស់ខ្លួន។

ពេលដល់ចំណុ​ច​​ប៉ុស្តិ៍អូរលែចាស់ ក៏ប្រទះឃើញម៉ូតូវៀតណាមដឹកឈើចំនួន០២គ្រឿង ហើយនាំគ្នាតាមរហូតប្រទះឃើ​ញ​​ជំរុំមួយកន្លែង មានជនជាតិវៀតណាមចំនួន១០នាក់ មានរណារ​យ​ន្ត​​​​ចំនួន០២គ្រឿង (ខូច០១គ្រឿង) ឈើប្រភេទបេ​ង នាង​ នួន ធ្នង់ ទាំងតូចទាំងធំចំនួន៧៥កំណាត់។ បន្ទាប់មកជនជាតិ​វៀតណាម​ក៏បានប្រាប់ឈ្មោះ តើន សុខណៃ ថា ការចូលមកកាប់ឈើ នៅតំបន់នេះ ​គឺមានការអនុញ្ញាត​ពី​ឈ្មោះ​ ពេញ, ឈ្មោះ វី, ឈ្មោះ ​​​​​​​​តុន និងឈ្មោះ ក្អូន។ ពេលនោះជនជាតិវៀតណាមឈ្មោះ ជិន បានទូរស័ព្ទទៅឈ្មោះ ផល ពេញ ប្រធា​ន​ប៉ុស្តិ៍អូរលែ ដើម្បីសុំអន្តរាគមន៍ បន្ទាប់មក​ឈ្មោះ តើន សុខណៃ ក៏បានរាយការណ៍ជូនលោក ឌិន ប៊ុនធឿន នាយ​ក​​ដែនជម្រកសត្វព្រៃកែវស៊ីមា ហើយត្រូវបានការណែនាំមកវិញថា ដកមកវិញសិន ដោយសារកម្លាំងយើងតិច ហើយចាំរៀបចំផែនការចុះទៅបង្ក្រាប ប៉ុន្តែឈ្មោះ តើន សុខណៃ បានដកហូតរណារយន្តចំនួន០២គ្រឿង ព្រមទាំងបានអប់រំណែនាំកម្មករ ជនជាតិវៀតណាមទាំងនោះឲ្យចូលទៅទឹកដីខ្លួនវិញ។

ជនជាតិវៀតណាមដដែលបានទូរស័ព្ទទៅឈ្មោះ ផល ពេញ ម្តងទៀត ហើយឈ្មោះ ផល ពេញ បានហុចទូរស័ព្ទឲ្យឈ្មោះ ទន ធារ៉ា នគ​រ​បាលប៉ុស្តិ៍អូរលែ (កូនចៅរបស់ខ្លួន) និយាយជជែកចរចា ជាមួយឈ្មោះ តើន សុខណៃ ហើយបានព្រមព្រៀង​​​​គ្នាលុយចំនួន៥លានដុង ជាថ្នូរនឹងការមិនបង្រ្កាបទីតាំងវៀតណាមនោះ។ ឈ្មោះ ក្អូន ក៏បានទូរស័ព្ទទៅឈ្មោះ កើត វេហា ហៅឆៃ ដើម្បីប្រាប់រឿងមន្រ្តីបរិស្ថានចុះទៅជំរុំវៀតណាម ហើយព្រមព្រៀងលុយ៥លានដុង ព្រោះ​​ឈ្មោះ ឆៃ ក៏មានការដឹងឮរឿងនេះដែរ។

លោក ឌិន ប៊ុនធឿន បានរាយការណ៍ទៅព្រះរាជអាជ្ញារងឈ្មោះ ម៉ម វ៉ាន់ដា ដើម្បីសុំគោលការណ៍បង្រ្កាប បន្ទាប់មកលោក ម៉ម វ៉ាន់ដា បានទូរស័ព្ទទៅលោក ឡេង សោភណ្ឌ មេបញ្ជា​ការ វរសេនាតូច នគរបាលការ​ពារព្រំដែនគោកលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ប្រាប់ពីបញ្ហា​នេះ។ ឈ្មោះ ផល ពេញ ខឹងនឹង​ឈ្នោះ ​ណៃ មន្រ្តីបរិស្ថាន ចេះតែចុះទៅរញ៉េរញ៉ៃនៅទីនោះ ក៏បញ្ជាឲ្យ​ឈ្មោះ ទន ធារ៉ា ហៅក្អូន ដែលកំពុងអង្គុយផឹកជាមួយគ្នានោះទៅយកកាំភ្លើង ប៉ុន្តែឈ្មោះ ក្អូន ជាប់និយាយទូរស័ព្ទក៏មិនបានឮ ធ្វើឲ្យឈ្មោះ ផល ពេញ រិតតែខឹងហើយ​ឡើងឡានទៅយកកាំភ្លើង នៅផ្ទះរបស់ខ្លួនតែម្នាក់ឯង។ ឈ្មោះ ផល ពេញ ក៏ទូរស័ព្ទទៅឈ្មោះ កើត វេហា ប្រាប់ថា ​ពួកបរិស្ថានចូលទៅរញ៉េរញ៉ៃខាងក្នុង ឲ្យឈ្មោះឆៃ យកកាំភ្លើងទៅភ្ជង់បាញ់ពួកហ្នឹងម្តង។

​ពេលនោះឈ្មោះ ឆៃ បានរាយការណ៍ឲ្យឈ្មោះ កើត វេត្តា ហៅតុន ទៅតាមអ្វីដែលទទួលបានពីឈ្មោះ ផល ពេញ ហើយឈ្មោះ តុន បា​នឲ្យចុះទៅជាមួយ។ ឈ្មោះ ពេញ ក្រោយពីទៅយកកាំ​ភ្លើងអាកាស្វ័យបត់មួយដើមពីផ្ទះរបស់ខ្លួនហើយ ក៏បើកឡានយកទៅទុកនៅផ្ទះមួយកន្លែងជិតផ្លូវចូល ហើយយកម៉ូតូមួយគ្រឿង និងកាំភ្លើងអាកាស្វ័យបត់មួយដើមជិះចេញទៅ។ ចំណែកឈ្មោះ ឆៃ ក៏បានយកកាំភ្លើងស្វ័យបត់មួយដើមរបស់ខ្លួនពីផ្ទះចេញទៅដែរ ហើយចូលទៅផ្ទះឈ្មោះ ក្អូន បំណងហៅទៅទាំងអស់គ្នា ប៉ុន្តែឈ្មោះ​ ក្អូន បាន​បដិសេធជាមួយឈ្មោះ ឆៃ តាមទូរស័ព្ទថា មិនបានទៅទេ ព្រោះអត់មានអីជិះ បន្តិចក្រោយមកឈ្មោះ​ ពេញ​ បាន​ជិះ​កាត់ផ្ទះឈ្មោះក្អូនហើយស្រែកថា តោះទៅក្នុង ឈ្មោះ ឆៃ ក៏ជិះតាមពីក្រោយ។

ពេលទៅដល់កន្លែងកើតហេតុ លោក ឡេង សោភណ្ឌ បានទូរស័ព្ទទៅឈ្មោះ ផល ពេញ ប្រាប់ថា ជនជាតិវៀតណាម​អី ចូល​មកកាប់​ឈើនៅក្នុងនោះ រឿងនេះដឹងដល់ព្រះរាជអាជ្ញាហើយ ឈ្មោះ ពេញ កាន់តែខឹងខ្លាំងឡើងៗ បាននិយា​យ​ជាមួយឈ្មោះ ឆៃ ថា តើពួកយើងត្រូវដោះស្រាយគ្នាយ៉ាងម៉េច ព្រោះលើកមុនឈ្មោះ ឆៃ មានការពាក់ព័ន្ធនឹងករណី​ជនជា​តិ​​វៀតណាមចូលកាប់ឈើ ហើយត្រូវបានថ្នាក់ជាតិចុះបង្រ្កាប ហើយលើកនេះឈ្មោះ ពេញ ក៏ជិតមានរឿងដែរ ព្រោះ​រឿងនេះខាងបរិស្ថានបានរាយការណ៍ទៅព្រះរាជអាជ្ញាទៀត ដូចនេះតើយើងត្រូវសំលាប់ចោល ឬមិនសំលាប់។

កំពុងតែនិយាយគ្នាក៏ឮសំឡេងម៉ូតូជិះចុះមក ក៏ឃើញនាយអាវុធហត្ថចំនួន០១នាក់ ជិះម៉ូតូមួយគ្រឿ​ង ដឹករណារយន្តចំនួន០១គ្រឿង​នៅពីក្រោយ និងមានស្ពាយអាវុធអាកានៅពីក្រោយ ពេលនោះឈ្មោះ ផល ពេញ និងឈ្មោះ ឆៃ បានភ្ជង់ហើយសួរថា មកពីណា? នាយអាវុធហត្ថបាននិយាយថា (មកពីលើ) ហើយបង្វិលកាំភ្លើងពីក្រោយមកមុខ ស្រាប់តែឈ្មោះ ពេញ បានបាញ់៤គ្រាប់ដួល ហើយដើរទៅថែម១គ្រាប់ទៀត ​បណ្តាល​ឲ្យ​ស្លាប់នៅនឹងកន្លែង ហើយក៏ដើរឡើងទៅលើភ្ជង់មន្រ្តីបរិស្ថាន និងមន្រ្តីអង្គការ WCS ដោយនិយាយថា ហេតុអ្វីរាយការណ៍ទៅព្រះរាជអាជ្ញា? ខាងបរិស្ថានបានឆ្លើយថា អត់បានរាយការណ៍ទេ! ចុះហេតុអ្វីបានជាព្រះរាជអាជ្ញាទូរស័ព្ទទៅមេខ្ញុំ? ហើយគាត់ស្តីបន្ទោសខ្ញុំ សួរចប់ភ្លាមក៏បាញ់១គ្រាប់ ចំពោះមន្រ្តី WCS ដួលនឹងដី និងបាញ់មន្រ្តីបរិ​ស្ថាន១គ្រាប់ចំភ្លៅ។

មន្រ្តីបរិស្ថានបានអង្វរថា ខ្ញុំខុសហើយសុំទោសទុកជិវិតឲ្យខ្ញុំផង ឈ្មោះ ពេញ ក៏បាញ់បន្ថែម២គ្រាប់ទៀត បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ហើយមន្រ្តី WCS រងរបួសហើយបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យខេត្តមណ្ឌលគិរី​​ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ពូម ងា បានរត់គេចខ្លួនរួច។

ជនជាប់ចោទទាំង៦នាក់មានឈ្មោះដូចខាងក្រោម៖

ទី១៖ ​ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ នៃវរការពារព្រំដែនលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ស្ថិតនៅហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នកបាញ់ផ្ទាល់ទៅលើជនរងគ្រោះទាំង៣នាក់។ ជននេះត្រូវបានចោទថា ជាអ្នកប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់

ទី២៖ ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ជាជនពាក់ព័ន្ធ។ ជននេះត្រូវចោទថា ប្រព្រឹត្តបទល្មើសឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។

ទី៣៖ ឈ្មោះ កើត វេតា ហៅតុន មេបញ្ជាការកងអនុសេនាតូចទី៣ ជាជនសមគំនិតក្នុងបទល្មើសឃាតកម្មគិតទុកជាមុន និងត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។

ទី៤៖ ឈ្មោះ ឡាយ សាវី មេបញ្ជាការរងកងអនុសេនាតូចទី៣ បានឃុបឃិតឲ្យជនបរទេសឆ្លងដែនខុសច្បាប់ បោះជំរុំ និងលួចកាប់ព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាមូលហេតុនាំឲ្យកើតមានអំពើឃាតកម្ម គិតទុកជាមុន និងត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។

ទី៥៖ ឈ្មោះ ទន់ ធារ៉ា ហៅក្អូន នគរបាលប៉ុស្ដិ៍អូរលែ បានឃុបឃិតឲ្យជនបរទេសឆ្លងដែនខុសច្បាប់ បោះជំរុំ និងលួចកាប់ព្រៃឈើ បំផ្លិចបំផ្លាញធនធានធម្មជាតិ ដែលជាមូលហេតុនាំឲ្យកើតមានអំពើឃាតកម្ម គិតទុកជាមុន ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ។

ទី៦៖ ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ជាជនសមគំនិតក្នុងបទល្មើសឃាតកម្មគិតទុកជាមុន។

ដោយឡែកជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ។

នៅទីបំផុតនារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនល្មើសទាំង៦នាក់ រួមមានជនដៃដល់ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្តិ៍អូររលែ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់៕