(ភ្នំពេញ)៖ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា រាជរដ្ឋាភិបាល បានស្នើខ្ចីហិរញ្ញប្បទានសម្បទានប្រមាណ ១១០លានដុល្លាអាមេរិកពីធនាគារពិភពលោកសម្រាប់ជួសជុលកែលម្អផ្លូវជាតិលេខ៤ ឡើងវិញ ដោយក្រាលកៅស៊ូ A/Cស្ថាបនាចិញ្ចើមកៅស៊ូ A/C និងបន្ថែមប្រព័ន្ធប្រឡាយដែលចាំបាច់ ដើម្បីធានាឲ្យផ្លូវជាតិលេខ៤ អាចធ្វើដំណើរបានគ្រប់រដូវជូនប្រជាពលរដ្ឋ។
ទេសរដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាលើកម្រិត និងថែមទាំផ្លូវជាតិលេខ៣ និងលេខ៧ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា និង គម្រោងគ្រប់គ្រងផ្លូវថ្នល់ទី២ ជាមួយក្រុមហ៊ុន Sichuan Road & Bridge (Group) Corporation Ltd នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នំា២០១៨នេះ នាទីស្ដីការក្រសួង។
លោក ស៊ុន ចាន់ថុល បានថ្លែងទៀតថា បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារពិភពលោក កំពុងរៀបចំឯកសារបច្ចេកទេស សម្រាប់ហិរញ្ញប្រទាន
១១០លានដុល្លាអាមេរិកនេះ ហើយនឹងដាក់ជូនក្រុមប្រឹក្សានាយកធនាគារពិភពលោកសម្រេចក្នុងខែមិថុនា ឆ្នាំ២០១៨ ដែលការដ្ឋានសាងសង់អាចដំណើរការនាដើមឆ្នាំ២០១៩។
នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ដ្រី បានថ្លែងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងផ្ដល់សេវាសាធារណៈ
ឲ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការធ្វើដំណើរ។ តែលោករដ្ឋមន្ត្រីក៏សំណូមពរដល់ប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកទំនិញ ចូលរួមចំណែកថែរក្សាផ្លូវ
កុំដឹកលើសទម្ងន់ គោរពច្បាប់ចរាចរណ៍ និងត្រូវជួយការពារថែរក្សាផ្លូវផងដែរ៕