(កំពង់ចាម)៖ អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់ ​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ និង​បរទេសផងនោះ ​ខណៈកំពុងជិះ​លើ​រថយន្តក្រុងមួយ​គ្រឿង ​បាន​​ភ័យ​ស្លន់ស្លោរ​ដោយសារ​តែ​មាន​អ្នកដំណើរ​ម្នាក់​ ដែល​ឈ្លោះ​ជា​មួយ​​ប្រពន្ធ ស្រាប់តែ​ស្ទុះរ​ត់ទៅ​ទាញ​បួង​ចង្កូតរថយន្ត ​ដែល​កំពុង​បើកបរ​នៅ​លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​គីឡូ​លេខ​៧០ ​ក្នុងភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៨។ អ្នក​បង្ក​នោះ​ ត្រូវ​បា​នបញ្ជូ​ន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ហើយ ប៉ុន្តែរូបគេត្រូវបានអ្នកជិះលើរថយន្តក្រុងព្រួតវាយស្ទើស្លាប់ផងដែរ។

លោក​វរ​សេនី​យ៍​ឯក ប្រាក់ សុ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ​ ប្រាប់​ឲ្យ​ដឹង​ថា រថយន្តក្រុង​ដឹក​អ្នកដំណើរ ​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1863 បើកបរ​ដោយ​ឈ្មោះ ភុំ ណា​ក់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយរ​ណ៍ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកុម្ភៈ បាន​ដឹក​អ្នកដំណើរ​ខ្មែរ និង​បរទេស​ពេញ​រថយន្ត ​ចេញពី​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទឹកដី​អង្គរ​ខេត្តសៀមរាប។

អធិការ​នគរបាល​ស្រុក​ជើងព្រៃ ​ប្រាប់​បន្ត​ថា ស្រប​ពេលវេលា​ម៉ោង​៩៖​៣០​នាទី​ព្រឹក ​មក​ដល់​ត្រង់​ចំ​ណុច​ភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ នោះ​ស្រាប់តែ ​អ្នកដំណើរ​ម្នាក់​ឈ្មោះ សំ សុ​ជាន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គោក​ចាន់ ឃុំ​តា​សោម ស្រុក​អង្គ​ជុំ ខេត្តសៀមរាប ខណៈ​ឈ្លោះ​ជាមួយ​ប្រពន្ធ​ឈ្មោះ តឹ​ប នី​ន អាយុ​២៩​ឆ្នាំ ក៏​ស្ទុះ​ទៅចាប់​ទាញ​ចង្កូត​រថយន្តក្រុង ​ដែល​កំពុង​បើកបរ​តាម​ផ្លូវជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​វេ​ចុះឡើង​ៗ និង​បានឡើង​លើ​សួនច្បារ​ដាំ​លំអរ​ផ្លូវ។ ​ពេល​នោះ​អ្នកដំណើរ​លើ​រថយន្តក្រុង ​មាន​បរទេស និង​ខ្មែរ ​នាំ​គ្នា​ភ័យទាំង​ព្រលឹង​នៅ​ចុង​សក់ ​ដោយ​ហេតុតែ​ខឹង​ពេក​អ្នក​ធ្វើ​ដំណើរ​នាំ​គ្នា​វាយដំ​លើ​រាង​កាយ​ជន​បង្ក ​ដែល​បំ​រុង​ឲ្យ​មនុស្ស​មួយ​រថយន្ត​ ត្រូវ​រងគ្រោះថ្នាក់​ទាំងអស់​គ្នា និង​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ សួរនាំ​ចោទប្រកាន់​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ ហើយ​តាម​តាម​រយៈ​ការ​ធ្វើតេស្ត​ទឹកនោម ​រក​ឃើញ​មាន​សារធាតុ​ញៀន​ផង​ដែរ។

លោក​ឧត្តម​សេនី​យ៍ត្រី សោម រស់ ស្នងការ​រងនគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់​ បានប្រាប់​ឲ្យ​ដឹង​ដែរ​ថា តាមគោល​ការ​ណ៍​ជន​បង្ក​ខាងលើ​នោះ ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ​នឹងអាច​ដាក់​ពន្ធនាគារ​ខេត្ត​​ដើម្បីឲ្យ​រាងចាល​កុំ​ឲ្យ​ថ្ងៃក្រោយ ​ធ្វើ​សកម្មភាព​បែប​នេះ​បន្ត​ទៀត៕