(ភ្នំពេញ)៖ សំណុំរឿងមន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់ ដែលពាក់ព័ន្ធករណី រាលកៃកាំភ្លើងពេលកំពុងអង្គុយផឹកស៊ីនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ កាលពីដើមឆ្នាំ២០១៧ នឹងត្រូវតុលាការប្រកាសសាលក្រម នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ លោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសមន្ត្រីនគរបាលខណ្ឌព្រែកព្នៅរូបនេះ។
ជាមួយគ្នានេះ លោកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើជនជាប់ចោទឈ្មោះ ទឹម សៅសុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរប្រធានផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋានខណ្ឌព្រែកព្នៅ ពីបទ «បង្កឱ្យមានរបួសដោយអចេតនា» ដោយបានប្រព្រឹត្តកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរប៉ុស្តិ៍នគរបាល សង្កាត់សំរោង ផ្លូវ ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ នាព្រឹកនេះ លោកចៅក្រម និងតំណាងអយ្យការ បានបើកសវនាការ ដោយគ្មានវត្តមានជនជាប់ចោទនោះទេ ពោលគឺមានតែមេធាវី ការពារសិទ្ធិមកជាតំណាងតែប៉ុណ្ណោះ។
តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃកើតហេតុខ្លួន ជនរងគ្រោះ បានជិះឡានម៉ាកបាឡែនទៅមើលស្រះត្រី ក្បែរកន្លែងកើតហេតុ។ ក្រោយមក ខ្លួនបានចូលទៅមើលគោ នៅជាប់ប៉ុស្តិ៍រដ្ឋបាល សង្កាត់សំរោងពេលនោះ មានឈ្មោះ រ៉ា ភារុណ ជានគរបាលប៉ុស្តិ៍សសង្កាត់សំរោង បានហៅទៅផឹកនៅក្នុងប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង។ ពេលខ្លួនចូលទៅផឹកក៏ជួបជនជាប់ចោទ ឈ្មោះ ទឹម សៅសុភ័ក្ត្រ ដែលជាមនុស្សធ្លាប់មានទំនាស់កាលពីមុន ក្នុងងរឿងទិញលក់ត្រី។ ពេលផឹកស៊ីនោះ ក៏មានការទាស់ទែងរវាងជនត្រូវចោទ និងជនរងគ្រោះ រហូតមានការរាលកៃកាំភ្លើងតែម្តង ប៉ុន្តែសម្រាប់ករណីនេះ ត្រូវបានជនរងគ្រោះបានប្តឹងជនរងគ្រោះថា មានបំណងចង់បាញ់គេ។
ក្រោយកើតហេតុជនរងគ្រោះបាន ទៅដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍រដ្ឋបាលសង្កាត់សំរោង ប៉ុន្តែគ្មានដំណោះស្រាយអ្វីសោះ ទើបខ្លួនបានសម្រេចចិត្តដាក់ពាក្យប្តឹង ជនជាប់ចោទ ពីបទ ប៉ុនប៉ងឃាតកម្ម នៅតុលាការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ដើម្បីឱ្យជួយរកយុត្តិធម៌។
ដោយឡែកលោក លឹម សំអឿន ជាមេធាវីការពារសិទ្ធិឱ្យជនរងគ្រោះ បានសំណូមពរឱ្យតុលាការ ពិចារណា កែប្រែបទ ចោទលើជនជាប់ចោទពីបទ បង្កឱ្យមានរបួសស្នាមដោយអចេតនា ទៅជាបទ «ប៉ុនប៉ងឃាតកម្ម»។
ទោះយ៉ាងណា សំណុំរឿងនេះត្រូវលោក កោ វណ្ឌី លើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ៕