(ប៉ៃលិន)៖ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យលោក សាន វិជ្ជាសារ៉ាវុធ ដែលត្រូវទៅកាន់តំណែងថ្មី ជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងលោក ឈឹម វាសនា ជាប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនថ្មី ចូលជួបសម្តែងការគួរសម។
សូមបញ្ជាក់ថា លោក សាន វិជ្ជាសារ៉ាវុធ ត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ខណៈលោក ស៊ាន ស៊ីណាត ដែលជាប្រធានសាខានៅខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរទៅជាប្រធានសាខាកំាកុងត្រូល ខេត្តកំពង់ចាមវិញ។
លោក សាន វិជ្ជាសារ៉ាវុធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលកន្លងមកលោកបានផ្តល់អនុសាសន៍ណែនាំ និងសម្របសម្រួលដល់មន្ត្រីជំនាញកាំកុងត្រូល ដោយបង្កើតបានជាកម្លាំងចលករជំរុញឱ្យការអនុវត្តការងារ និងភារកិច្ចរបស់សាខាកាំកុងត្រូលខេត្តប៉ៃលិន ទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។
លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា រយៈពេល៣ឆ្នាំ ដែលលោកកាន់តំណែងជាប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន ជាញឹកញ៉ាប់មន្ត្រីជំនាញកាំកុងត្រូល បានសហការជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះអប់រំ ផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ និងអាជីវករ បានយល់ពីផលប៉ះពាល់ចំពោះសុខភាព ចំពោះទំនិញម្ហូបអាហារដែលខូចគុណភាព ហួសសុពលភាព និងមិនច្បាប់អនុញ្ញាត ព្រមទាំងដកហូតទំនិញដែលខូចគុណភាព ហួសសុពលភាព និងមិនច្បាប់អនុញាត បានចំនួនជិត៨តោន យកទៅដុតកម្ទេចចោល។
លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានកោតសសើរដល់មន្ត្រីជំនាញ សាខាកាំកុងត្រូលខេត្ត ដែលកន្លងមកបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងសកម្ម ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយបានសហការជាមួយជំនាញពាក់ព័ន្ធ ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹងជូនដល់អ្នកប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងសិស្ស-និស្សិត ក្នុងការលើកកម្ពស់ការយល់ដឹងរបស់មហាជន ឱ្យចូលរួមទប់ស្កាត់ការចរាចរចែកចាយ និងដាក់តាំងលក់ ទំនិញម្ហូបអាហារ ដែលខូចគុណភាព ហួសសុពលភាព និងគ្មានច្បាប់អនុញ្ញាត។
នៅក្នុងឱកាសនោះផងដែរលោក កើត សុធា ក៏បានផ្តាំផ្ញើដល់លោក ឈឹម វាសនា ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិនថ្មី ត្រូវខិតខំសហការជាមួយជំនាញពាក់ព័ន្ធ និងដឹកនាំមន្ត្រីជំនាញកាំកុងត្រូល អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងយកច្បាប់ជាមូលដ្ឋាន៕