(កណ្ដាល)៖ លោក អេថិន ជានិច្ច ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ផលិតកម្ម«C2Go» និងជាប្រធានអង្គការ «ខ្ញុំខ្មែរ» បាននាំយកអំណោយ និង ទឹកប្រាក់មួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ស្ថិតនៅនៅវត្ត រតនៈបុប្ផារាម ភូមិព្រែកអញ្ចាញ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
ប្រធានអង្គការ លោក អេថេន ជានិច្ច បានអះអាងថា កម្មវិធីចែកអំណោយ សប្បុរសធម៌នេះ គឺជាមិនមែនជាលើកដំបូងនោះទេ សម្រាប់ លោក ដែលបង្កើតឡើង ក្នុងគោលបំណងជួយដល់អ្នកខ្វះខាត សង្គ្រោះបន្ទាន់ ទឹកជំនន់ ខ្យល់ព្យុះ គ្មានទីជម្រក និងជួបគ្រោះថ្នាក់ផ្សេងៗ។ អំណោយមានដូចជា អង្គរ ៥០គីឡូក្រាម ត្រីខកំប៉ុង ទឹកស៊ីអៀវ ទឹកត្រី និង ទឹកប្រាក់មួយចំនួន។
អមដោយទឹកមុខញញឹម រីករាយ និង សប្បាយចិត្ត លោក អេថេន ជានិច្ច បានថ្លែងប្រាប់គេហទំព័រ KhmerTalking ឲ្យដឹងថា «បាទប្អូន.! កន្លងមក ខ្ញុំធ្លាប់បង្កើតកម្មវិធីប្រគំតន្រ្ដីបែបសប្បុរសធម៌ ដើម្បីប្រមូលថវិកា ទុកជាកញ្ចប់មូលនិធិឲ្យអង្គការជាប្រចាំ ដើម្បីចែកជូនដល់ជនខ្វះខាត។ គោលដៅតែមួយគត់របស់អង្គការ គឺផ្ដោតសំខាន់លើការជួយដល់ស្រី្ដមានផ្ទៃពោះ ដែលមានជំងឺ ព្រមទាំងផ្តោតសំខាន់ជួយដល់ក្មេងៗ កំព្រា ដែលខ្វះខាតលុយកាក់សិក្សា។ នាពេលខាងមុខនេះ ខ្ញុំមានគម្រោងដឹកនាំតារាកម្ពុជា និង ថៃ ប្រហែលជិត ៣០ រូប ដើម្បីទៅច្រៀង ព្រមទាំងរៃអង្គាសថវិកា នៅឯប្រទេសកូរ៉េ ក្នុងចំណោមពលករ កូរ៉េ នៅទីនោះ ដើម្បីយកថវិកាពីការលក់សំបុត្រ ប្រមូលធ្វើជាមូលនិធិ ចែកដលជនខ្វះខាត នៅប្រទេសកម្ពុជា»។
ម្ចាស់ផលិតកម្ម «C2Go» និងជាប្រធានអង្គការ «ខ្ញុំខ្មែរ» លោក អេថិន ជានិច្ច បានថ្លែងបន្តថា «កម្មវិធីតន្រ្ដីសប្បុរសធម៌នេះ បង្កើតឡើង ក្នុងគោលបំណងតែមួយគត់ គឺចូលរួមចំណែកជួយដល់សង្គមដែលកំពុងខ្វះខាត ដោយសារគ្មានទីជម្រក គ្មានអាហារហូបចុក គ្រប់គ្រាន់។ អង្គការរបស់ពួកយើង អាចជួយទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយអំណោយទាំងនេះ ក៏មានការចូលរួមពីអនិកជន មកពីសហរដ្ឋអាមេរិក គឺ លោក អ៊ុន ជឹម ផងដែរ ដោយលោកមកពីសមាគម«ខ្មែរដើម្បីខ្មែរ» ដែលបានបង្កើតឡើង នៅសហរដ្ឋអាមេរិក និងប្រមូលផ្ដុំទៅដោយអនិកជន ធ្លាប់ជួបរឿងរ៉ាវជីវិត កម្សត់ លំបាកវេទនា ដូច្នេះ ពួកគាត់ ពិតជាយល់ច្បាស់ ពីស្ថានភាពប្រជាពលរដ្ឋកំពុងជួបភាពលំបាក នាពេលបច្ចុប្បន្ន។ ខ្ញុំពិតជាមានភាពរីករាយ ក្នុងការជួយប្រជាពលរដ្ឋនៅកម្ពុជា »។
ទន្ទឹមនឹងនេះ លោក អ៊ុន ជឹម ដែលត្រូវបានគេស្គាល់ថា អនិកជន ធ្លាប់រស់នៅសហរដ្ឋអាមេរិក ក៏បានថ្លែងបន្តថា « ទោះបីជាខ្ញុំបានចាកឆ្ងាយពីស្រុកកំណើត រស់នៅសហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំក្ដី ប៉ុន្តែខ្ញុំមិនដែលភ្លេចពីប្រជាពលរដ្ឋ នៅប្រទេសខ្មែរ ម្ដងណាឡើយ ជាពិសេសខ្ញុំ បានស្គាល់គ្នា ជាមួយនឹង លោក អេថិន ជានិច្ច ហើយក៏បានពិភាក្សាជាមួយគាត់ ចង់ធ្វើកម្មវិធីចែកអំណោយនេះ។ ម្យ៉ាងលោក អេថិន ជានិច្ច គឺជាសប្បុរសជន ដែលចូលចិត្តចូលរួមការងារមនុស្សធម៌ ព្រមទាំងធ្លាប់ចែកអំណោយជូបប្រជាពលរដ្ឋខ្វះខាត ដូច្នេះខ្ញុំក៏បានទាក់ទងជាមួយគាត់ តាមបណ្ដាញអ៊ីនធឺណែត ហើយពួកយើងក៏ពិភាក្សាគ្នា បង្កើតកម្មវិធីនេះឡើងតែម្ដង»៕