(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី ដំណើរការភាពជាអ្នកដឹកនាំ ទៅដល់មន្រ្ដីបុគ្គលិក ធនាគារជាតិនៃកម្ពុជា សិក្សារយៈពេល៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធិភាពបន្ថែមទៀតទៅដល់ មន្រ្ដីធនាគារក្នុងការគ្រប់គ្រង និងដឹកនាំធនាគារនាឲ្យមានដំណើរការឆ្ពោះទៅមុខ។
វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពីសំណាក់លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា រួមទាំងបុគ្គលិកធនាគារជាតិនៃកម្ពុជា ជាច្រើនរូបទៀតផងដែរ។
លោក ស៊ុំ សន្និសិទ្ធ បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនេះ មានសារៈសំខាន់ណាស់ និងត្រូវបានរៀបចំឡើង ដើម្បីឲ្យមន្រ្តីជាន់ខ្ពស់ ធនាគារដែលជាសិក្ខាកាមអាចឆ្លុះបញ្ចាំង និងធ្វើការប្តេជាចិត្តជារួមគ្នាមួយ ក្នុងការសម្រេច បាននូវយុទ្ធសាស្រ្តសំខាន់ៗ ក្នុងការបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងដំណើរការភាពជាអ្នកដឹកនាំ នៅធនាគាជាតិនៃកម្ពុជា ក្នុងរយៈពេល៣ឆ្នាំខាងមុខ។
លោកបានបន្ដទៀតថា វគ្គបណ្តុះបណ្តាលនេះ ក៏បានលើកយកពីចំណុចសំខាន់ៗជាច្រើន ជូនដល់មន្រ្ដីបុគ្គលិកធនាគារជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងបង្កើតនូវបរិយាកាសវិជ្ជមាន។
លោកបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្កើននូវសមត្ថភាពអនុវត្តរបស់សិក្ខាកាម តាមរយៈសន្ទនា និងការពិភាក្សា ចែកចាយចំណេះដឹង និងធ្វើសកម្មភាព។ វគ្គបណ្តុះបណ្តាលនេះ ក៏រួមបញ្ចូលនូវសកម្មភាពធ្វើឲ្យមានសុខភាពល្អ ក្នុងការជំរុញឲ្យមានទាំងការថែរក្សាសុខភាព និងគ្រប់គ្រងស្រេ្តស ដែលជារឿងសំខាន់សម្រាប់ អ្នកដឹកនាំដ៏មានប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះ គឺជាឱកាសល្អប្រសើរណាស់សម្រាប់មន្រ្ដីជាន់ខ្ពស់របស់ធនាគារ ក្នុងការពង្រឹងនូវជំនាញគុណភាព នៃភាពជាអ្នកដឹកនាំ និងជាបទពិសោធន៍ក្នុងការបង្កើតនូវអ្វីដែលថ្មីសម្រាប់ធ្វើការឲ្យមានប្រសិទ្ធភាព និងល្អប្រសើរឲ្យស្របទៅនឹងបរិយាកាស ពិភពលោកថ្មីៗ ដែលទាមទារនូវជំនាញដឹកនាំថ្មី។
លោកបញ្ជាក់ទៀតថា ទស្សនវិទូនៃសតវត្សទី២១ បានឲ្យនិយមន័យថា ភាពជាអ្នកដឹកនាំ ជាដំណើរការដ៏មានឥទ្ធិពលនៅក្នុងសង្គម ដែលមនុស្សគ្រប់រូប អាចជួយ និងគាំទ្រដល់មនុស្សដទៃទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅទាំងអស់។ អ្នកដឹងនាំមិនមែនគ្រាន់តែជាមនុស្សដែលមានសមត្ថភាពពីធម្មជាតិ ប៉ុណ្ណោះទេ តែត្រូវផ្សារភ្ជាប់ទៅនឹងការហ្វឹងហ្វឺន។
អ្នកដឹកនាំដ៏អស្ចារ្យ គឺជាមនុស្សម្នាក់ដែលស្គាល់ពីភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាគ្រប់ប្រភេទ ព្រមទាំងមានការច្នៃប្រឌិតនូវអ្វីៗដែលថ្មីៗ និងបង្កើតវាប្រកបដោយសុវត្ថិភាព។ លើសពីនេះមន្ត្រីដែលមានជំនាញជាអ្នកដឹកនាំកម្រិតខ្ពស់ តែងតែមានទំនាក់ទំនងល្អរវាង មិត្តរួមការងារ និងអ្នកគ្រប់គ្រង មួយវិញទៀតដឹងច្បាស់អំពីមធ្យោបាយ ក្នុងការប្រើប្រាស់ក្នុងបរិយាកាសការងារទាំងអស់ និងគ្រប់កាលៈទេសៈ បុគ្គលដែលមានភាពជាអ្នកដឹកនាំនោះ មិនត្រឹមតែទទួលបានជោគជ័យក្នុងអាជីពផ្ទាល់ខ្លួនប៉ុណ្ណោទេ តែថែមទាំងជោគជ័យក្នុងខ្សែជីវិតផងដែរ។
កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានលើកយកពីសារៈសំខាន់នៃការក្លាយទៅជាអ្នកដឹកនាំ និងបានពន្យល់ណែនាំបុគ្គលិកមន្រ្ដីធនាគារជាតិទាំងអស់ថា ធ្វើយ៉ាងណាដើម្បីក្លាយទៅ ជាអ្នកដឹកនាំដ៏ល្អមួយរូប នៅក្នុងសង្គម។
លោកបានឲ្យដឹងថា ដើម្បីបំពេញការងារក្នុងតួនាទីជាអ្នកដឹកនាំ មន្រ្តីទាំងអស់ត្រូវមានជំនាញ ឬសមត្ថភាពជាមូលដ្ឋាន ទៅតាមកម្រិតនៃមុខតំណែង និងការទទួលខុសត្រូវ មានន័យថាមន្រ្តីបុគ្គលិកចាប់ផ្តើម ពីការដឹកនាំខ្លួនឯងឲ្យបានល្អ មុននឹង ឈានទៅរកការដឹកនាំអ្នកដទៃ ឬក្រុមនិងដឹកនាំនៅក្នុង មុខតំណែងខ្ពស់។ ជំនាញដែលត្រូវអភិវឌ្ឍក្នុងការ ដឹកនាំខ្លួនឯង រួមមាន៖ ជំនាញគ្រប់គ្រងខ្លួនឯង, វិន័យផ្ទាល់ខ្លួន, ការជឿជាក់លើខ្លួនឯង និងមានឆន្ទៈខ្ពស់ ក្នុងការបំពេញការងារ។
លើសពីនេះទៀត សមត្ថភាពដែលត្រូវអភិវឌ្ឍនៅក្នុងកម្រិត ដឹកនាំក្រុម មានដូចជា៖ សមត្ថភាពយល់ដឹងពីបរិយាកាសការងារ, ការវិនិច្ឆ័យប្រកបដោយ យុទ្ធសាស្រ្ត, សមត្ថភាពបណ្តុះបណ្តាល ជំនាញសមាជិកក្រុម និងសមត្ថភាពជម្រុញលើក ទឹកចិត្ត។ ចំពោះមុខតំណែង និងការទទួលខុសត្រូវ ការងារកាន់តែខ្ពស់ ជំនាញដែលត្រូវ អភិវឌ្ឍបន្ថែមក៏កាន់តែច្រើនគឺ៖ ជំនាញ ប្រាស្រ័យទាក់ទងការងារ, ជំនាញភ្ជាប់ បណ្តាញការងារ, យុទ្ធសាស្រ្ត សហប្រតិបត្តិការការងារ និងសមត្ថភាពយល់ដឹងនៅ ក្នុងសង្គម ក៏កាន់តែខ្ពស់ផងដែរ៕