(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្មីៗនេះ បានសម្រេចលុបឈ្មោះ លោក រ៉ុង ឈុន ចេញពីក្របខណ្ឌក្រសួង ដោយសារតែអតីតសមាជិក គ.ជ.ប រូបនេះ បានអវត្តមានដោយគ្មានច្បាប់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨។
សេចក្តីប្រកាសរបស់ លោករដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «លុបឈ្មោះ រ៉ុង ឈុន បុគ្គលិកអប់រំ បម្រើការងារនៅនាយកដ្ឋានស្រាវជ្រាវ វិទ្យាសាស្រ្ត ចេញពីក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ ដោយសារសាមីជនអវត្តមានគ្មានច្បាប់អនុញ្ញាត»។
លោក រ៉ុង ឈុន បានលាលែងពីតំណែងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោលកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ឃុបឃិតគ្នាជាប្រព័ន្ធ ជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ក្រោយពេលលាឈប់ពីសមាជិកគ.ជ.បនេះ លោក រ៉ុង ឈុន បានប្រកាសថា លោកចង់ត្រឡប់ទៅធ្វើជាមន្ត្រីនៃក្រសួងអប់រំ ដែលជាកន្លែងចាស់របស់លោកវិញ។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការសម្រេចលុបឈ្មោះ លោក រ៉ុង ឈុន ចេញពីក្របខណ្ឌនេះ គឺអនុវត្តទៅតាមប្រកាស ស្តីពីការដាក់មន្រ្តីរាជការឱ្យស្ថិតនៅក្រៅក្របខណ្ឌដើម ដោយសារតែ លោក រ៉ុង ឈុន បានដាក់ពាក្យចូលបម្រើការវិញ ហួសពេលកំណត់នៃច្បាប់។
លោក រស់ សាលីន បានបញ្ជាក់ថា៖ «ពាក់ព័ន្ធ លោក រ៉ុង ឈុន តាមគោលការណ៍ នៅពេលដែលគាត់ចប់ ភារកិច្ច និងតួនាទីគាត់ នៅពេលលាលែង ពីគ.ជ.ប គឺត្រូវមកដាក់ពាក្យយ៉ាងយូរ ត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយឡែកសាមីខ្លួន បានដាក់ពាក្យនៅខែមករា»។
លោកបានបន្តថា តាមនីតិវិធី ជាពិសេសគោរពតាមគោលការណ៍ច្បាប់ គ្រប់បុគ្គលិកអប់រំ ដែលទៅបំពេញការងារស្ថាប័នផ្សេង ដែលត្រូវដាក់ឱ្យ នៅក្រៅក្របខណ្ឌនោះ គឺត្រូវបំពេញសំណើ ដើម្បីបានទទួលប្រកាសរបស់ក្រសួង ដើម្បីដាក់ឱ្យស្ថិតនៅក្រៅក្របខណ្ឌដើម ហើយនៅពេលដែល បញ្ចប់ភារកិច្ចការងារ ត្រូវតែដាក់ពាក្យមកបម្រើការងារនៅក្នុងក្របខណ្ឌដើមវិញ មិនឱ្យលើសពី១៥ថ្ងៃទេ។ លោកបានបន្តថា សម្រាប់ លោក រ៉ុង ឈុន ការលាឈប់ពីសមាជិកគ.ជ.ប ជាផ្លូវការ ត្រូវគិតចាប់តាំងពីថ្ងៃដែលមានព្រះរាជក្រឹត្យតែងតាំងសមាជិកថ្មីគ.ជ.ប ជំនួសលោករ៉ុង ឈុន៕