(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញលិខិតផ្លូវការមួយស្នើដល់បណ្តាក្រុមហ៊ុនប្រតិបត្តិករផ្តល់សេវាអ៉ិនធើណែត (ISP) ទាំងអស់នៅកម្ពុជា ឲ្យបិទគេហទំព័ររបស់កាសែត The Cambodia Daily ដែលល្មើសច្បាប់ពន្ធរបស់កម្ពុជា។
លិខិតរបស់លោក ខាយ ឃុងហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការស្នើឲ្យបិទគេហទំព័រកាសែត The Cambodia Daily នេះ ធ្វើឡើងស្របតាមសំណើរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លិខិតរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំដល់ក្រុមហ៊ុនផ្តល់សេវា Internet ដូចជា៖
១៖ ក្រុមហ៊ុនដែលកំពុងផ្ដល់សេវាអ៊ិនធឺណិត ទាំងអស់នៅក្នុងកម្ពុជា ត្រូវតែធ្វើការកំណត់នៅក្នុងកម្មវិធីសូហ្វវ៉ែ និងឧបករណ៍គ្រប់គ្រងអ៉ិនធឺណែត ដើម្បីរាំងខ្ទប់ (Block) នូវគេហទំព័រ https://www.cambodiadaily.com ដែលកំពុងធ្វើប្រតិបត្តិការដោយប្រើប្រាស់ IP Address លេខ 199.167.151.33 និងលេខ 23.227.178.174 និងធានាថា គេហទំព័រនិង IP Address នេះនឹងពុំអាចដំណើរការជាបន្ដទៀតបាននៅក្នុងកម្ពុជា។
២៖ ក្រុមហ៊ុនទាំងអស់ត្រូវចូលរួមឲ្យអស់លទ្ធភាពបច្ចេកទេស ក្នុងការកំណត់ក្នុងកម្មវិធីសុហ្វវ៉ែ និងឧបករណ៍គ្រប់គ្រងអ៊ិនធឺណិត ដើម្បីច្រោះ (Filter) លើគណនី ឬទំព័រ Facebook: https://www.facebook.com/withoutfearorfavor/nig និង Twitter: https://twitter.com/cambodiadaily ដើម្បីបញ្ឈប់ដំណើរការនៃគណនី ឬទំព័រទាំងពីរនេះ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តែយ៉ាងណាលិខិតស្នើឲ្យបិទគេហទំព័ររបស់កាសែត The Cambodia Daily នេះចេញតាំងពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែរហូតដល់ពេលនេះ ជាង៤ខែមកហើយ គេហទំព័រ (Website) របស់កាសែតនេះនៅតែដំណើរការដែល មិនមានការបិទនៅឡើយនោះទេ។
ពាក់ព័ន្ធបញ្ហានេះ អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា លោក អ៉ឹម វុត្ថា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៥ ខែកុម្ភៈនេះថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងស្រាវជ្រាវ និងស៊ើបអង្កេតករណីក្រុមហ៊ុនប្រតិបត្តិករផ្តល់សេវា Internet ណាខ្លះដែលមិនអនុវត្តន៍តាមសំណើររបស់ក្រសួង និងឈានដល់ការមានវិធានការណ៍។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «យើងកំពុងធ្វើការស្រាវជ្រាវថាតើ Website របស់កាសែត The Cambodia Daily ដែលយើងនៅអាចមើលឃើញនេះ ប្រើប្រាស់ Public IP មានប្រភពមកពីណា ឬរបស់ក្រុមហ៊ុនណាខ្លះ? ដើម្បីមានវិធានការណ៍បន្ត»។
សូមជម្រាបថា កាសែត The Cambodia Daily បានប្រកាសបិទការចេញផ្សាយ របស់ខ្លួននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយគេចវេសមិនបង់ពន្ធជូនរដ្ឋ ប្រមាណជា៦លានដុល្លារអាមេរិក។ ប៉ុន្តែបើទោះកាសែតនេះបិទការផ្សាយក្តី ក៏កាសែននេះ នៅតែដំណើរការផ្សាយព័ត៌មានរបស់ខ្លួននៅលើប្រព័ន្ធ Internet ទៀត៕