(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៨ នៅក្រសួងមហាផ្ទៃ។
សន្និបាតការងារខាងលើ នឹងមានការចូលពីសំណាក់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក កងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាល-អភិបាលរងរាជធានី-ខេត្ត អភិបាលក្រុង-ស្រុកជាប់ព្រំដែន និងព្រះរាជអាជ្ញា ដែលជាអនុប្រធាន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងស្ថានទូត អង្គការជាតិ-អន្តរជាតិ សរុបជាង៥០០នាក់។
អមជាមួយសន្និបាតត្រួតពិនិត្យគ្រឿងញៀននេះ ក៏នឹងមានកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ ឆ្នាំ២០១៧ ផងដែរ។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម៕