(ស្វាយរៀង)៖ សាខាកាំកុងត្រូលខេត្តស្វាយរៀង សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និងអគ្គនាយកដ្ឋានកាំកុងត្រូល នាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះពិនិត្យមុខទំនិញនៅផ្សារវាលយន្ត ក្រុងស្វាយរៀង ដោយបានផ្តោតសំខាន់ទៅលើបន្លែ ដែលតាំងលក់ក្នុងផ្សារ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយបានរកឃើញសារជាតិគីមី នៅក្នុងផ្លែត្រយូងចែក និងផ្កាកាឆាយ។
លោក ផាត សាវុទ្ធ អនុប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនាពេលនេះ មានការណែនាំផ្ទាល់ពី លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ដោយក្នុងការពិនិត្យនេះគឺជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» ពិតជាមានសារសំខាន់ចាំបាច់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ព្រោះការទទួលខុសត្រូវលើ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងពលរដ្ឋទាំងអស់គ្នាជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។
លោកបានបញ្ជាក់ថា ក្រោយពីការចុះពិនិត្យយ៉ាងយកចិត្តដាក់ពីមន្ត្រីកាំកុងត្រូល នៅផ្សារវាលយន្ត ក្រុងស្វាយរៀង បានរកឃើញវត្តមានសារជាតិគីមី នៅក្នុងត្រយូងចេក ប្រភេទម្សៅសដែលអាចធ្វើឲ្យនៅស្រស់ៗ និងថ្នាំកាកសំណល់សម្លាប់សត្វល្អិតនៅក្នុងផ្កាកាឆាយ។
ក្រោយពីមន្ត្រីជំនាញ បានធ្វើកិច្ចការងារលើរឿងនេះ អាជីវករក៏បានយល់ព្រមបញ្ឈប់ដាក់លក់បន្លែ ផ្ទុកនូវសារជាតិគីមី ព្រោះបានយល់ដឹងអំពីផលប៉ះពាល់ ដល់សុខភាពរបស់ពលរដ្ឋ។ តែទោះជាយ៉ាងនេះក្តី ក៏ក្រុមការងារជំនាញ នៅតែបន្តតាមដាន និងចុះពិនិត្យទំនិញឲ្យបានញឹកញាប់បន្ថែមទៀត នៅតាមទីផ្សារនានា នៅក្នុងខេត្តស្វាយរៀង៕