(កំពង់ចាម)៖ ប្រជាពលរដ្ឋជិត៨ពាន់នាក់ នៅស្រុកស្រុកជើងព្រៃ ខេត្តកំពង់ចាម បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ៣១៥នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅវត្តជយមង្គលារាម ភូមិត្រពាំងស្លា ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ចំនួន៧,៨៩៣នាក់ ព្រមទាំងមានចែកនំបុ័ង និងទឹកសុទ្ធ ជូនដល់ពួកគាត់ថែមទៀតផង។
ក្នុងនោះបានពិនិត្យព្យាលបាលជំងឺកុមារ២៧៦នាក់, ជំងឺស្រ្តី១៩៧នាក់, ជំងឺផ្លូវចិត្ត១៣៤នាក់, ជំងឺឫសដូងបាត២៦៧នាក់, ជំងឺសន្លាក់ឆ្អឹង៩៩នាក់, ជំងឺរលាកសួត៩២នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៧៨នាក់, ជំងឺភ្នែក៦៣នាក់, ជំងឺសើរស្បែក១៣២នាក់, ជំងឺទឹកនោមផ្អែ២៧៩នាក់, ជំងឺមាត់ធ្មេញ១០១នាក់, អេកូសាស្ត្រ១៥៨នាក់ ព្យាបាលរបួស និងវះកាត់ខ្នាតតូច៤១នាក់ និងជំងឺទូទៅ៥,៩៧០នាក់។
លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានមានលើកឡើងថា កម្មវិធីសប្បុរសធម៍នាពេលនេះ ធ្វើឡើងបានដោយសារប្រទេស មានសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន។ ក្រៅពីនេះ លោកក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាពរបស់ខ្លួន ដោយត្រូវចាត់ទុកសុខភាព ជាបញ្ហាចំបង ព្រោះមានសុខភាពល្អ ទើបអាចសម្រេចបាន គ្រប់ភារកិច្ច។
អ្នកស្រី ជិញ រី វ័យ៥៧ឆ្នាំ រស់នៅភូមិសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម សប្បាយចិត្តពេលឃើញវត្តមាន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចុះមកពិនិត្យជំងឺដោយមិនគិតថ្លៃ។ អ្នកស្រីថ្លែងថា «ខ្ញុំមានអាការៈហើមដៃ តាមរយៈការធ្វើទុក្ខត្រជាក់ដៃ បែកញើសក៏ចុករោយដៃទៅ។ ចំណែកប្ដីខ្ញុំវិញគ្មានលុយមើលជំងឺទេ គាត់មានជំងឺគ្រួសក្នុងតម្រងនោមចុកក្នុងពោះរាល់ថ្ងៃ បានពេទ្យពិនិត្យជំងឺមិនគិតថ្លៃបែបនេះ ខ្ញុំសប្បាយចិត្តមែនទែន»។
ចំណែកលោក មួង មួន រស់នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបង្ហាញអារម្មណ៍រីករាយ នៅពេលឃើញក្រុមគ្រូពេទ្យចុះមកគាត់ពិនិត្យ ជំងឺឥតគិតថ្លៃបែបនេះ។ លោក មួង មួន ថ្លែងថា «ខ្ញុំចេះតែហត់នៅក្នុងខ្លួន។ ដូច្នេះខ្ញុំសំណូមពរឲ្យក្រុមគ្រូពេទ្យឧស្សាហ៍ ចុះមកភូមិខ្ញុំ ឲ្យបានច្រើនដងបន្តិចនេះ។ វាចំណេញគ្រប់យ៉ាងមិនអស់លុយ មិនចំណាយពេលទៅពេទ្យផង»។
ប្រជាពលរដ្ឋ២រូបនេះ ដែលមកពីភូមិផ្សេងគ្នានេះ ក្រៅពីថ្លែងអណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី នោះ គាត់ទាំងពីរនាក់ក៏បាន ជូនពរដល់ លោក ហ៊ុន ម៉ានី ដែលជាកូនប្រុស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យជួបតែសំណាងល្អបន្តដឹកនាំប្រទេសជាតិ ឲ្យបន្តតែមានសុខសន្តិភាពដូចបច្ចុប្បន្ននេះ។
កញ្ញា ជុំ ស្រីណាត យុវតីកាយរិទ្ធិដែលចូលចិត្តធ្វើការងារសង្គម បានបង្ហាញអារម្មណ៍ពេញចិត្តនឹងការងារស្ម័គ្រចិត្តនេះណាស់។ ស្រីណាត បន្តទាំងទឹកចិត្តរីករាយថា «ទោះខ្ញុំធ្វើការតាំងពីព្រឹកដល់ល្ងាចគ្មានប្រាក់ខែ តែសប្បាយចិត្តព្រោះការងារខ្ញុំធ្វើដើម្បីសង្គម។ ហើយខ្ញុំសុំឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឧស្សាហ៍ចុះមកស្រុករបស់ខ្ញុំ ព្រោះបានជួយព្យាបាលជូនពូមីង ក្នុងស្រុកដែលពួកគាត់កំពុងមានជំងឺ តែពួកគាត់មិនទាន់មានប្រាក់គ្រប់គ្រាន់ ទៅពេទ្យឯកជន»។
សូមបញ្ជាក់ថារយៈពេល៦២ខែ (២០១២-២០១៨) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,៣២២នាក់ ចុះពិនិត្យនិងព្យាលបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន១៣៦លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន ២៧៣,៤៩២នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ៕