(ភ្នំពេញ)៖ ដើម្បីបន្តដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់នៅតាមទីជនបទដាច់ស្រយាល នៅដើមឆ្នាំ ២០១៨ គិតត្រឹមថ្ងៃទី ៥ ខែកុម្ភៈ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន ៥១អណ្តូង គិតជាទឹកប្រាក់ចំនួន ១១៨.៧៩២ដុល្លារ (មួយសែនមួយម៉ឺនប្រាំបីពាន់ប្រាំពីររយកៅសិបពីរដុល្លារអាមេរិក) ជូនប្រជាពលរដ្ឋខ្វះខាត ទឹកប្រើប្រាស់ចំនួន ៩០០គ្រួសារ ស្មើមនុស្ស ៣.៨៤៤នាក់ រស់ក្នុងខេត្តចំនួនប្រាំ ក្នុងនោះ អណ្តូងចំនួន ៥ សម្រាប់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ដែលស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ, ១២អណ្តូង សម្រាប់ខេត្តព្រះវិហារ, ១០អណ្តូង សម្រាប់ខេត្តក្រចេះ, ១២អណ្តូង សម្រាប់ខេត្តស្ទឹងត្រែង និង ១២អណ្តូងទៀត សម្រាប់ខេត្តរតនគិរី។
សូមបញ្ជាក់ដែរថា គិតចាប់ពីឆ្នាំ ២០១០ រហូតដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅទូទាំងប្រទេស ក្នុងនោះ បានផ្តល់អណ្តូងទឹកស្អាត (អណ្តូងស្នប់-អណ្ដូងលូ) ស្រះទឹកសហគមន៍ និងស៊ីទែនទឹក។ល។ ដោយឡែក សម្រាប់ឆ្នាំ ២០១៧ កន្លងទៅនេះ បានផ្តល់អណ្តូងសរុបចំនួន ៣២១ និងជីក-ស្តារស្រះទឹកចំនួន ៩ នៅក្នុងខេត្តចំនួន ២៣ នៃព្រះរាជាណាចក្រកម្ពុជា ៕