(តាកែវ)៖ លោក សុខ សូកាន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានប្រកាសផ្សព្វផ្សាយខ្លឹមសារនៃមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិក-សមាជិកាគណៈកម្មាធិការគណបក្សស្រុកគិរីវង់ ពិសេសលោកបានពាំនាំបណ្ដាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលផ្ដាំដល់មន្ត្រីបក្ស និងមន្ត្រីរាជការថា ត្រូវខិតខំបន្តរួមសាមគ្គីគ្នា និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានសកម្មបំផុត។
ពិធីផ្សព្វផ្សាយខ្លឹមសារនៃមហាសន្និបាតវិសាមញ្ញទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជាខាងលើ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ខេត្តតាកែវ ដែលការផ្សព្វផ្សាយនេះគឺផ្ដោតទៅលើឯកសារចំនួន២ រួមមាន៖ ១. របាយការណ៍ស្តីពីស្ថានការទូទៅនៃការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨ និង ២. កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើការទប់ស្កាត់ទាន់ពេលវេលានូវគម្រោងការរបស់លោក កឹម សុខា ដោយផ្អែកលើគោលការណ៍ច្បាប់ច្បាស់លាស់ និងភស្តុតាងដែលមាន។ ជាលទ្ធផល កឹម សុខា ត្រូវបានឃុំខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និងហាមឃាត់បុគ្គលថ្នាក់ដឹកនាំនៃគណបក្សនេះចំនួន ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដោយអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។
លោកបានលើកឡើងថា បញ្ហាល្បែងស៊ីសង គ្រឿងញៀន កុងត្រូលជជុះ បទល្មើសព្រៃឈើ និងបទល្មើសនេសាទ ជាបញ្ហាចម្បងដែលតែងតែកើតមានឡើងនៅមូលដ្ឋាន ដូចនេះមន្ត្រីពាក់ព័ន្ធ រួមទាំងនគរបាលត្រូវខិតខំបំពេញការងាររបស់ខ្លួនឱ្យបានសកម្ម ជាពិសេសមន្ត្រីរាជការត្រូវពង្រឹងនូវសេវាសាធារណៈ កុំធ្វើជាមន្ត្រីអសកម្ម ព្រោះថាការបាត់បង់សន្លឹកឆ្នោត គឺជាកំហុសរបស់មន្ត្រីបម្រើសេវាសាធារណៈដែលធ្វើឱ្យប្រជាពលរដ្ឋខឹងសម្បារ។ រាជរដ្ឋាភិបាលនឹងចាត់វិធានការទៅលើមន្ត្រីទាំងនោះតាមគោលការណ៍ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែរ ព្យាបាល និងវះកាត់»។
លោក សុខ សូកាន បានពាំនាំនូវបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន ជូនមន្ត្រីរាជការ និងសមាជិកបក្សថា គណបក្សសង្គ្រោះជាតិត្រូវបានកាត់ក្បាលបំបែកខ្លួនរួចហើយ ហើយគណបក្សនេះគ្មានថ្ងៃរស់រានឡើងវិញទេ ដូចនេះមន្ត្រីរាជការ និងសមាជិកបក្សទាំងអស់ សូមកុំសប្បាយចិត្តរហូតភ្លេចខ្លួនបំពេញការងារបម្រើប្រជាពលរដ្ឋឱ្យបានខ្ជាប់ខ្ជួន។ សូមមន្ត្រីរដ្ឋបាលទាំងអស់ ត្រូវបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានសកម្ម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋពេញចិត្ត ឯខាងមន្ត្រីនគរបាលវិញ ត្រូវចូលរួមពង្រឹងនូវសុវត្ថិភាព និងសណ្តាប់ធ្នាប់ឱ្យបានល្អ ព្រមទាំងបង្រ្កាបនូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងភូមិឃុំ។ ចំណែកឯមន្ត្រីបក្ស ត្រូវមានសាមគ្គីភាពគ្នា រួមគ្នាពង្រឹងនូវរចនាសម្ព័ន្ធ សណ្តាប់ធ្នាប់ និងផ្ទៃក្នុងបក្សឱ្យបានល្អប្រសើរ។
លោកបានសំណូមពរឱ្យភូមិ និងក្រុមរៀបចំឱ្យមានការប្រជុំឱ្យបានញឹកញាប់ ព្រមទាំងចុះទៅជួបឱ្យដល់សមាជិកគ្រួសារបក្ស ដើម្បីក្តាប់ឱ្យបាននូវសតិអារម្មណ៍របស់ពួកគាត់ និងប្រមូលនូវទិន្នន័យចំណាកស្រុក រួចត្រូវរាយការណ៍ទៅថ្នាក់លើឱ្យបានទៀងទាត់។ ថ្មីៗនេះ លោកក៏បានរៀបចំឱ្យតាមគណបក្សឃុំនីមួយៗ មាននូវកុំព្យូទ័រយួរដៃមួយ ឯស្រុកទទួលបាននូវកុំព្យូទ័រលើតុ រួមជាមួយ WiFi និងម៉ាស៊ីនស្គេនចំនួន ១ឈុត និងចំពោះភូមិពួកគាត់នឹងទទួលបានកង់មួយផងដែរ ដើម្បីឱ្យពួកគាត់មានភាពងាយស្រួលក្នុងការបំពេញការងារ៕