(ក្វាងទុង, ចិន)៖ លោក Gong Shaolin ប្រធានសហព័ន្ធសមាគមឧស្សាហកម្មខេត្តក្វាងទុង បានថ្លែងបង្ហាញគម្រោងដឹកនាំអ្នកវិនិយោគចិន ដែលជាថ្នាក់ដឹកនាំក្រុមហ៊ុនប្រមាណជា ១០០ក្រុមហ៊ុននៅក្នុងខេត្តក្វាងទុង មកស្វែងយល់ពីសក្តានុពល និងឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោក Gong Shaolin បានថ្លែងបង្ហាញដូច្នេះក្នុងពេលជួបសំណេះសំណាលការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីសប្តាហ៍កន្លងទៅនេះ។ ក្នុងជំនួបនោះលោក Gong Shaolin បានជម្រាបលោករដ្ឋមន្ត្រីថា សមាជិករបស់សហព័ន្ធ មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ E-Commerce វិស័យទេសចរណ៍ និងកសិកម្ម ជាពិសេសចង់នាំយកអង្ករកម្ពុជា ទៅដាក់លក់ក្នុងសណ្ឋាគារនានា នៅប្រទេសចិន។
លោក Gong Shaolin ក៏មានបំណងដឹកនាំគណៈប្រតិភូវិនិយោគចិនប្រមាណ ១០០ក្រុមហ៊ុន មកទស្សនកិច្ចស្វែងយល់ពីការធ្វើធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានោះ សមាជិក នៃសហព័ន្ធសមាគមឧស្សាហកម្ម ខេត្តក្វាងទុង បានអញ្ជើញលោករដ្ឋមន្ត្រី ដឹកនាំប្រតិភូកម្ពុជា ចូលរួមវេទិកាច្នៃប្រឌិតថ្មី នៅខែវិច្ឆិកា ឆ្នាំ២០១៨ នៅខេត្តក្វាងទុង។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសម្ដែងការគាំទ្រជាខ្លាំង ដែលក្រុមហ៊ុនចិនមានបំណងវិនិយោគលើវិស័យ E-Commerce នៅកម្ពុជា ព្រោះថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្មកំពុងខិតខំជំរុញវិស័យនេះជាខ្លាំង។ ជាមួយគ្នានោះលោក ប៉ាន សូរស័ក្តិ បានជម្រាបភាគីចិនថា កម្ពុជាមានកសិផលជាច្រើន ដូចជា ផ្លែមៀន ស្វាយ ក្រូចឆ្មារ ស្វាយចន្ទី ដំឡូងមី ពោត កៅស៊ូ។ល។ ដែលផលិតផលទាំងនេះ ត្រូវការទីផ្សារ និងរោងចក្រកែច្នៃ ដើម្បីនាំចូលមកប្រទេសចិន។ ក្រៅពីនេះវិស័យទេសចរណ៍កម្ពុជា ក៏ពោរពេញទៅដោយសក្តានុពលផងដែរ ដោយក្នុងឆ្នាំ២០១៧ ភ្ញៀវទេសចរ បានមកកម្សាន្តនៅកម្ពុជាសរុបចំនួនប្រមាណ ៦លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនប្រមាណ ១លាននាក់។
លោករដ្ឋមន្ត្រី បានជម្រាបភាគីចិនថា ក្រសួងពាណិជ្ជកម្ម នឹងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ច របស់ប្រតិភូសហព័ន្ធសមាគមឧស្សាហកម្មខេត្តក្វាងទុង មកកាន់ប្រទេសកម្ពុជា ហើយនឹងជួយសម្របសម្រួលឲ្យប្រតិភូចិន បានជួបពិក្សាការងារជាមួយស្ថាប័ន និងអង្គភាពពាក់ព័ន្ធ៕