(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅ ការងារសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក តែម សារុំ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាព អភិបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងដៃគូរពាក់ព័ន្ធជាច្រើនទៀត។
លោក អ៊ុន ចាន់ដា បានលើកឡើងថា ក្នុងឆ្នាំ២០១៧នេះ គ្រប់លទ្ធផលសកម្មភាពការងារទាំងអស់ មានការវិវត្តន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ ទាំងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសលើការអភិវឌ្ឍន៍តាមបណ្តោយព្រំដែន ដោយសារតែយើងមានការសហការជិតស្និទរវាងកម្លាំងឈរជើងនៅព្រំដែន ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្តនានា។
លោកអភិបាលខេត្ត បានថ្លែងទៀតថា រាល់ការរីកចម្រើនទាំងនេះ ក៏ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ពីក្រសួងស្ថាប័នថ្នាក់លើ និងការដឹកនាំផ្ទាល់ ពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានការចូលរួមសហការគ្នា បានល្អពីគ្រប់អជ្ញាធរមូលដ្ឋានពីគ្រប់មន្ទីរអង្គភាព ស្ថាប័ននានាជុំវិញខេត្ត និងពីគ្រប់មជ្ឈដ្ឋានក្នុងកិច្ចសហប្រតិបត្តិការតាមផ្នែកតាមជំនាញរៀងៗខ្លួន ទោះបីជាត្រូវរំខានខ្លះពីស្ថានភាព នយោបាយក្រោយការបោះឆ្នោតជាតិនីតិកាលទី៥មួយរយៈក្តី។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា អ្វីដែលជាទិសដៅបន្តសម្រាប់ការអនុវត្តនៅឆ្នាំ២០១៨នេះ គឺចាំស្តាប់តាម់ការណែនាំថ្ងៃបិទសន្និបាត នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈស្អែកនេះ ក្រោមអធិបតីភាពលោក ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕