(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀង ដឹកនាំដោយលោក ហៀង ដារ៉ា អនុប្រធានសាខា ក្រោមការណែនាំពីលោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត ដែលទើបតែមកកាន់តំណែងថ្មីៗ បានសហការជាមួយអគ្គនាយករដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តចល័តមន្ទីរពិសោធន៍ ចុះពិនិត្យស្ថានីយ៍ប្រេងឥន្ទនៈ នៅក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យរកអនុលោមភាពផ្នែកបរិមាណ និងគុណភាពប្រេងឥន្ទនៈ។
លោក ហៀង ដារ៉ា បានឲ្យដឹងថា «ថ្ងៃនេះសាខាកាំកុងត្រូល សហការជាមួយមន្ទីរជំនាញ និងអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យប្រេងឥន្ទនៈនៅតាមស្ថានីយ៍ ក្នុងនោះស្ថានីយ៍លក់ប្រេងឥន្ធនៈចំនួន៣ ក្នុងចំណោម៦ ក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង។ ជាលទ្ធផល មន្ត្រីជំនាញផ្នែកប្រេងឥន្ធនៈពិនិត្យ និងរកឃើញថា មានការលក់ចែកចាយ មិនគ្រប់តាមរង្វាស់រង្វាល់ ជាហេតុធ្វើឱ្យអតិថិជនមានការខាតបង់»។
លោក ហៀង ដារ៉ា បានបញ្ជាក់ថា ការចុះត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈ ធ្វើនៅតាមស្ថានីយ៍ទូទាំងប្រទេស។ ជាក់ស្តែងការចុះត្រួតពិនិត្យគុណភាព បរិមាណប្រេងឥន្ធនៈ និងដេប៉ូចែកចាយ ទាំង០៦ស្ថានីយ៍ នៅក្នុងក្រុងស្វាយរៀង នាពេលនេះ ដោយប្រើប្រាស់រថយន្តពិសោធន៍ ចល័តផ្នែកប្រេង ឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ដោយបំពាក់ឧបករណ៍វិភាគ និងឧបករណ៍រង្វាស់រង្វាល់ដែលអាចបញ្ជៀសការក្លែងបន្លំបាន។
លោកថា លទ្ធផលនៃការពិនិត្យលើផ្នែកគុណភាព ប្រេងសាំងធម្មតា សាំង ស៊ុបពែ ប្រេងម៉ាស៊ូត លើស្ថានីយ៍ចំនួន៦ គឺត្រឹមត្រូវតាមស្តង់ដា៣កន្លែង ដោយឡែក៣កន្លែងទៀត មិនត្រឹមត្រូវទៅតាមស្តង់ដា ដោយផ្នែកបរិមាណបាញ់ចេញពីទុយោវិញ មានកម្រិតលំអៀងពី០៣លីត្រ ទៅ០៦លីត្រ ក្នុង១០០លីត្រ បាញ់ចេញ(ពោល) គឺមិនមានអនុលោមភាព ផ្នែកមរិមាណ១កន្លែង និងមិនមានអនុលោមភាពគុណភាព២កន្លែង។
យ៉ាងណាក៏ដោយ ស្ថានីយ៍ទាំង៣មិនត្រូវបានបង្ហាញអត្តសញ្ញាណនោះទេ ត្បិតសមត្ថកិច្ច ជំនាញបានអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈទាំងនោះ ធ្វើកិច្ចសន្យាជាលើកទី០១ឲ្យកែប្រែឡើងវិញ ដោយទុកក្នុងរយៈពេល០១ខែទៀត ខាងមន្ត្រីជំនាញនឹងចុះមកពិនិត្យម្តងទៀត៕