(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា បានថ្លែងថា កម្ពុជា-ឡាវ បានឯកភាពគ្នាបន្ថែមទៀត នៃកិច្ចសហការផ្នែកច្បាប់ និងផ្នែកផ្សេងៗទៀត ឲ្យកាន់តែល្អប្រសើរលើវិស័យប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមការថ្លែងរបស់លោក បន្ទាប់ពីបញ្ចប់ ជំនួបការងារជាមួយលោក ស៊ីណាយ មៀងឡាវ៉ាន់ អនុប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយឡាវ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក ឱម យិនទៀង បានថ្លែងថា «ភាគីទាំងពីរ ក៏ព្រមព្រៀងគ្នាបង្កើនការសហការគ្នាបន្ថែមទៀត បើភាគីឡាវ មានសំណូមពរអីឲ្យភាគីកម្ពុជា ជួយលើគ្រប់ផ្នែក។ ហើយកម្ពុជាក៏មានអីសុំឲ្យខាងភាគីឡាវ ជួយមកវិញលើផ្នែកច្បាប់ លើផ្នែកអីគឺភាគីទាំងពីរ នឹងត្រៀមជួយគ្នាទៅវិញទៅមក»។ ដោយឡែកភាគីឡាវ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើកិច្ចការងារប្រកាសទ្រព្យសម្បត្តិរបស់អង្គភាព ប្រឆាំងអំពើពុកលួយ នៅកម្ពុជា។ មិនតែប៉ុណ្ណោះភាគីឡាវ នឹងចែករំឡែកបទពិសោធន៍ល្អ ដែលខ្លួនទទួលបានពីបរទេសលើវិស័យប្រឆាំងពុករលួយ ដល់កម្ពុជា លើការងារស៊ើបអង្កេតនានាពាក់ព័ន្ធ បទល្មើសប្រឆាំងអំពើពុករលួយដែលខ្លួនមានស្រាប់។
លោក ឱម យិនទៀង បានបន្តថា ក្នុងឱកាសជំនួបពិភាក្សាការងារនេះ ភាគីកម្ពុជា បានចែករម្លែកពីការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅកាន់ភាគីឡាវ ចំណែកភាគីឡាវ ក៏បានចែករំឡែកបទពិសោធន៍ នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិផងដែរ បើសិនជាមានចំណុចណាល្អភាគីទាំងពីរ នឹងយកទៅរៀនសូត្រតាមគ្នា។ លោកបានបន្តថា ដោយសារឃើញភាពរីកចម្រើនវិស័យព័ត៌មានវិទ្យានោះ លោកក៏បានអញ្ជើញ គណៈប្រតិភូឡាវ ទៅពិនិត្យដកពិសោធន៍ការងារ នៅការិយាល័យច្រកចេញចូលតែមួយនៅអគ្គនាយកដ្ឋានពន្ធដារផងដែរ។
លោក ឱម យិនទៀង បានបញ្ជាក់ថា កន្លងមកកម្ពុជា-ឡាវ មិនទាន់មានបទល្មើសកើតឡើង សម្រាប់ដោះស្រាយរួមគ្នា តែបទល្មើសអាចនឹងកើត មានទើបខាងឡាវមកបំពេញទស្សនៈកិច្ចផ្លូវការនេះ។ នឹងប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទៅលើផ្នែកប្រឆាំងអំពើពុលរលួយ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដែលមានស្រាប់។
សូមរំលឹកថា នេះជាទស្សនកិច្ចលើកទី២របស់គណៈប្រតិភូឡាវ មកកម្ពុជា បន្ទាប់ពី ACU បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ជាមួយអាជ្ញាធរអធិការកិច្ចរដ្ឋ និងប្រឆាំងអំពើពុករលួយនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្រុងវៀងចន្ទ កាលពីឆ្នាំ២០១៣៕