(ភ្នំពេញ)៖ ការណែនាំពីជំនាញដល់សិស្សវិទ្យាល័យ ក្នុងការចាប់ជំនាញសិក្សាបន្តនៅថ្នាក់មហាវិទ្យាល័យ ដើម្បីឲ្យត្រូវតាមអ្វីដែលពួកគេស្រឡាញ់សមស្របទៅតាមបុគ្គលិកលក្ខណៈ និងត្រូវជាមួយតម្រូវការក្នុងទីផ្សារការងារ គឺជារឿងសំខាន់សម្រាប់ប្អូនៗដែលកំពុងរៀននៅវិទ្យាល័យ និងត្រៀមបន្តទៅថ្នាក់មហាវិទ្យាល័យ។
ក្នុងរយៈពេលបួនថ្ងៃគឺ ចាប់ពីថ្ងៃទី៣០មករា ដល់ថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០១៨ សិស្សវិទ្យាល័យប្រមាណជិត១ពាន់នាក់ នៅវិទ្យាល័យចំនួន០៦នៃខេត្តព្រះសីហនុ
ទទួលបានការបណ្តុះបណ្តាលជំនាញទន់ នៅក្នុងសិក្ខាសាលាស្តីអំពី «ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសម្រាប់សិស្សវិទ្យាល័យ»
ដែលរៀបចំដោយមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ នៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលិវជ្ជាជីវៈ។
លោកស្រី ម៉ុច ចាន់ធឿន ប្រធានមជ្ឈមណ្ឌលការងារខេត្តព្រះសីហនុ បានលើកឡើងថា ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញ ដល់សិស្សានុស្សសិស្ស
ដែលកំពុងសិក្សានៅតាមវិទ្យាល័យនានាក្នុងខេត្តព្រះសីហនុនេះ គឺជាលើកទី១ហើយក្រោយពីសម្ពោធដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារសម្រាប់ខេត្តមួយនេះ។
លោកស្រីលើកឡើងទៀតថា ការរៀបចំសិក្ខាសាលានេះ គឺដើម្បីណែនាំដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ ឲ្យចេះជ្រើសរើសមុខវិជ្ជាឯកទេស
ឲ្យសមស្របសម្រាប់ពួកគាត់ដែលនឹងបន្តទៅសិក្សានៅថ្នាក់មហាវិទ្យាល័យនាថ្ងៃអនាគត និងដើម្បីទទួលបានជោគជ័យក្នុងដំណើរការសិក្សារៀនសូត្រ។
លោកស្រីបន្ថែមទៀតថា ជាការពិតការសម្រេចចិត្តលើការជ្រើសរើសមុខវិទ្យាសិក្សានៅថ្នាក់មហាវិទ្យាល័យនេះ មិនមែនជាការងាយស្រួលនោះទេ ពីព្រោះសិស្សានុស្សម្នាក់ៗត្រូវធ្វើការស្វែងយល់ឲ្យបានស៊ីជម្រៅអំពីកត្តាពាក់ព័ន្ធនានា មានដូចជា ការយល់ពីកត្តាផ្ទាល់ខ្លួន ដោយត្រូវពិនិត្យលើចំណង់ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈដែលស័ក្តិសមសម្រាប់ការសិក្សាមុខវិជ្ជាផ្សេងៗ។ បន្ថែមពីលើនេះ ត្រូវពិនិត្យលើកត្តាទីផ្សារការងារដែលពាក់ព័ន្ធ និងតម្រូវការ ឬកង្វៈខាតនៃប្រភេទជំនាញពីភាគីនិយោជក។ ដូចនេះការរៀបចំផែនការអាជីពបានត្រឹមត្រូវ នឹងជួយបង្កើនសក្តានុពលឲ្យចូលទីផ្សារការងារកាន់តែមានភាពងាយស្រួល។
ជាមួយគ្នានោះដែរ លោកនាយកសាលាទាំង៦ លើកឡើងដូចៗគ្នាថា វគ្គសិក្សានេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមតម្រង់ទិសដល់សិស្សានុសិស្ស ក្នុងថ្នាក់វិទ្យាល័យឲ្យមានការសម្រេចចិត្តច្បាស់លាស់ មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ។ពួកគាត់បន្តទៀតថា កន្លងមកការផ្តល់ការណែនាំដល់សិស្សានុសិស្ស
ដែលកំពុងស្ថិតនៅក្នុងថ្នាលអប់រំចំណេះទូទៅកម្រិតមធ្យម ទុតិយភូមិ នឹងធ្វើការសម្រេចចិត្តជ្រើសរើសមុខវិជ្ជាឯកទេស ដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា
ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ គឺធ្វើតាមទំលាប់ ពោលគឺតាមរយៈការណែនាំពីក្រុមគ្រួសារ បងប្អូន ឬញាតិមិត្តតែប៉ុណ្ណោះ គឺមិនមានក្បួនខ្នាតណាមួយ
ឲ្យច្បាស់លាស់នោះទេ តែមកដល់ពេលនេះរាជរដ្ឋាភិបាលបានរៀបជាក្បួនខ្នាត និងមានសៀវភៅណែនាំដល់ពួកគាត់ឲ្យបានច្បាស់លាស់ គឺពិតជាបានជួយដល់ពួកគេ
ឲ្យចាប់យកជំនាញអ្វីដែលពួកគេស្រឡាញ់ និងជោគជ័យក្រោយពួកគេប្រឡងបាក់ឌុបរួច៕