(ភ្នំពេញ)៖ ក្រោយពីសម្របសម្រួលជ្រើសរើសបុគ្គលិកជាង៥០០នាក់ ជូនដល់ក្រុមហ៊ុន/សហគ្រាសធំៗដូចជាៈ ក្រុមហ៊ុន AEON Mall, Cellcard និងPark Café ជាដើម ក្នុងខែមករាកន្លងទៅនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកម្មវិធី «កិច្ចសម្ភាសការងារ» មួយទៀត ដែលនឹងផ្តល់ឱកាសការងារចំនួន៨៣ មុខតំណែងជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារទូទៅ ពីក្រុមហ៊ុន គង់ នួន គ្រុប នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះចាប់ពីម៉ោង ៨៖០០ ដល់ម៉ោង ១១៖៣០នាទីព្រឹក នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ឱកាសការងារចំនួន ៨៣ មុខតំណែងដែលផ្តល់ជូនដោយក្រុមហ៊ុន គង់ នួន គ្រុប នៅក្នុង «កិច្ចសម្ភាសការងារ» មានដូចជា៖ បុគ្គលិកផ្នែកលក់ ផ្នែកទីផ្សារ រដ្ឋបាល
គណនេយ្យ និងអ្នកបើកបររថយន្ត ជាដើម។ នៅក្នុងកិច្ចសម្ភាសន៍នេះ អ្នកស្វែងរកការងារធ្វើ ត្រូវត្រៀមប្រវត្តិរូបសង្ខេបឲ្យបានរួចរាល់ ដើម្បីដាក់ពាក្យ និងសម្ភាសន៍ផ្ទាល់
ជាមួយតំណាងក្រុមហ៊ុននាថ្ងៃនោះតែម្តង។

លោក អាំង ភារៈ ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ បានលើកឡើងថា កិច្ចសម្ភាសការងារនេះ បានរួមចំណែកជួយដល់និយោជក ដែលកំពុងមានតម្រូវការ
ជ្រើសរើសបុគ្គលិក ឲ្យបានជួបអ្នកដែលកំពុងស្វែងរកការងារធ្វើផ្ទាល់តែម្តង។ លោក ភារៈ បន្ថែមទៀតថាកម្មវិធីនេះ បានផ្ដល់ឱកាសដល់សាធារណៈជន
ក៏ដូចជាដល់យុវជនដែលចង់ស្វែងការងារធ្វើតាមរយៈស្ថាប័នរដ្ឋ ដោយមិនពិបាកដើរស្វែងរកការងារ ឬចំណាយពេលធ្វើដំណើរទៅដាក់CVs នៅតាមបណ្តាក្រុមហ៊ុននោះទេ
ចំពោះអ្នកដែលមានការងារធ្វើហើយ តែចង់ផ្លាស់ប្ដូរការងារក៏អាចចូលរួមបានផងដែរ។

«កិច្ចសម្ភាសការងារ» គឺជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ពិសេសយុវជនដែលចង់ស្វែងការងារ
ធ្វើឬអ្នកចង់ផ្លាស់ប្តូរការងារអាចទទួលបានការងារកាន់តែងាយស្រួលចំណេញពេលវេលា និងនៅមួយកន្លែង។ កិច្ចសម្ភាសការងារនេះបានរួមចំណែកជួយពន្លឿន
ដំណើរការជ្រើសរើសបុគ្គលិករបស់ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។

គេសង្កេតឃើញថា កន្លងមកវេទិកាការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ បានក្លាយជាវេទិកាការងារ ដែលផ្តល់ការងារក្នុងស្រុកទូលំទូលាយជាងគេ
ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើទូទៅ ហើយទទួលបានការគាំទ្រ និងសាទរច្រើនពីសំណាក់ក្រុមហ៊ុន/សហគ្រាសនានា ដែលមានតម្រូវការ
ជ្រើសរើសបុគ្គលិក ដោយសារតែអាចឲ្យពួកគាត់កាត់បន្ថយការចំណាយ និងពេលវេលា ហើយពិសេសនោះជ្រើសរើសបានបេក្ខជនល្អៗ និងមានសមត្ថភាព។

បើតាមតួលេខដែលទទួលបានពីទីភ្នាក់ងារជាតិមុខរបរ និងការងារបង្ហាញថា ទីភ្នាក់ងារនេះធ្លាប់បានរៀបចំវេទិកាការរងារ នៅតាមមជ្ឈមណ្ឌលការងារទាំង១១របស់ខ្លួន
ប្រមាណ២០០ដងមកហើយ ដោយមានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើសរុបចំនួនជិត៣ម៉ឺននាក់ បានចូលរួម ហើយអ្នកស្វែងរកការងារធ្វើចំនួនជាង១០,០០០ នាក់ បានទទួលការងារធ្វើតាមរយៈវេទិកាការងារទាំងនេះ៕