(រដ្ឋអាសាម-ឥណ្ឌា)៖ លោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបង្ហាញលទ្ធផលសម្រេចបានមួយចំនួន ពីការចូលរួមកិច្ចប្រជុំកំពូលវិនិយោគិនសាកល (Global Investors Summit 2018) លើកទី១ នៅរដ្ឋអាសាម នៃសាធារណរដ្ឋឥណ្ឌា។

លទ្ធផលការងារទាំងនោះរួមមាន៖

១៖ ថ្ងៃទី០៣ ខែកុម្ភៈ កិច្ចប្រជុំកំពូលវិនិយោគិនសាកលលើកទី១ បានចាប់ផ្តើមបើកជាផ្លូវការក្រោមអធិបតីភាពលោក ណារិនត្រា ម៉ូឌី នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋឥណ្ឌា និងនាយករដ្ឋមន្ត្រីប្រទេសប៊ូតាន់ ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់​នានា មកពីក្នុងតំបន់ និងជុំវិញ​ពិភពលោកចំនួន១៧ប្រទេស ដែលមានប្រតិភូចូលរួមចំនួនប្រមាណ ៤,៥០០នាក់ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជាច្រើននាក់។

កិច្ចប្រជុំកំពូល និងនិយោគិនសាកល ឆ្នាំ២០១៨ លើកទី១ Assam Global Investors ក្រោមប្រធានបទ «គុណសម្បត្តិអាសាម ជាផ្លូវល្បឿនលឿនតភ្ជាប់ មកកាន់តំបន់អាស៊ាន» គឺជាគំនិតផ្តួចផ្តើមលើកកម្ពស់ការវិនិយោគ និងការសម្របសម្រួលធំបំផុតមួយ ដែលមិនធ្លាប់មានបានរៀបចំឡើងដោយរដ្ឋអាសាម។ កិច្ចប្រជុំកំពូលនេះ មានគោលបំណងលើកពីគុណសម្បត្តិភូមិសាស្ត្ររបស់រដ្ឋអាសាម ដែលបានផ្តល់ជូននូវវិនិយោគិន​ ក៏ដូចជាការបង្ហាញពីសមត្ថភាព ផលិតកម្ម និងជាឱកាសនាំចេញផលិតផល និងសេវាកម្ម ទៅកាន់ប្រទេសបណ្តាប្រទេសអាស៊ាន និងប្រទេសដែលកំពុងលូតលាស់។

បើតាមការបញ្ជាក់របស់លោក Sarbananda Sonowal​ ប្រធានរដ្ឋ​អាសា​ម​ បានឲ្យដឹងថា រដ្ឋអាសាមមានសក្តានុពលអាចចាក់បញ្ជូលទៅក្នុងសេដ្ឋកិច្ចប្រទេសអាស៊ាន រហូតដល់ ២.៤ពាន់ពាន់លានដុល្លារ កិច្ចប្រជុំកំពូលនេះ ក៏នឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់កិច្ចប្រជុំពិភាក្សាគ្នា រវាងដៃគូពាណិជ្ជកម្ម និងសេវាកម្មផងៗដែរ (G2B, B2B) និងបង្ហាញឱកាសវិនិយោគនៅក្នុងរដ្ឋអាសាម។

ក្នុងកម្មវិធីរាត្រីសមោស នាល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ កម្ពុជាត្រូវបានផ្តល់កិត្តិយសចូលរួមសម្តែងសិល្បវប្បធម៌រួមគ្នាជាមួយឥណ្ឌា ដែលប្រព្រឹត្តិទៅក្រោម អធិបតីភាពលោកប្រធានរដ្ឋអាសាម ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីនាយករដ្ឋមន្ត្រីប៊ូតាន់ និងឥស្សរជន អ្នកវិនិយោគិនមកពីជុំពិភពលោកជាង៥០០នាក់។

២៖ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងកម្មវិធីសន្និសីទប្រទេសនីមួយៗ កម្ពុជាបានរៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍​ ដោយមានការចូលរួមពីឥស្សរជន ប្រតិភូអន្តរជាតិ និងសារព័ត៌មានអន្តរជាតិចំនួន ២៥០នាក់។ ឱកាសនេះដែរ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងសន្ទរកថាស្វាគមន៍បើកសន្និសីទ និងការធ្វើបទបង្ហាញសក្តានុពលវិស័យទេសចរណ៍កម្ពុជាជូនដល់អង្គសន្និសីទ​ ដោយលោក សូវិសុទ្ធី អនុរដ្ឋលេខាក្រសួងទេសចរណ៍ និងលោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ព្រមទាំងមានការសម្តែងសិល្បៈជូនភ្ញៀវទស្សនាផងដែរ។

នៅក្នុងកិច្ចប្រជុំកំពូលសកលចំណងសេដ្ឋកិច្ចភាគឦសានឥណ្ឌា-អាស៊ាន និងប្រទេសជិតខាងនៃរដ្ឋអាសាម​ លោករដ្ឋមន្ត្រី ថោង ខុន ត្រូវបានផ្តល់កិត្តិយសឲ្យ ឡើងថ្លែងសន្ទរកថាគន្លឹះ ជាមួយបណ្តារដ្ឋមន្ត្រីនៃប្រទេសអាស៊ាន និងប្រទេសជិតខាងអាសាម (បង់ក្លាដេស ប៊ូតាន នេប៉ាល់ និង BBN Countries)។

កិច្ចប្រជុំកំពូលនេះ វិនិយោគិនសកលបានកោតសរសើរការរីនចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមើលឃើញឧត្តមភាពប្រកួតប្រជែងខ្ពស់ផ្នែកទេសចរណ៍របស់កម្ពុជា ហើយជឿជាក់ថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើផ្នែកវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ រវាងអាស៊ាន-ឥណ្ឌា ពិសេសរដ្ឋអាសាម និងអាស៊ាន និងពីអាស៊ានទៅអាសាម រួមទាំងកម្ពុជា និងមានដំណើររការអភិវឌ្ឍលូតលាស់យ៉ាងខ្លាំងទៅអនាគត។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ បានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ជាពិសេសជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការតភ្ជាប់ការហោះហើរពីអាស៊ានមកកាន់រដ្ឋអាសាម និងពីអាសាមមកអាស៊ាន។ ជាការកត់សម្គាល់ ភាគីឥណ្ឌា (រដ្ឋអាសាម) បានសម្ដែងភាពរស់រាយរាក់ទាក់ស្វាគមន៍ផ្តល់កម្មវិធីអាទិភាពពិសេសដល់ប្រតិភូកម្ពុជា។

សូមបញ្ជាក់ថា នៅឆ្នាំ២០១៧ ភ្ញៀវទេសចរឥណ្ឌាទៅទស្សនាប្រទេសអាស៊ានមានជាង៣លាននាក់ ហើយទេសចរអាស៊ានទៅឥណ្ឌាជាង៨០ម៉ីននាក់។ ក្នុងនោះកម្ពុជាទទួលបានទេសចរឥណ្ឌាប្រមាណជិត៦ម៉ឺននាក់ កើនឡើងជាង ២៩%។ តាមការព្យាករណ៍ កម្ពុជាអាចទទួលបានទេសចរឥណ្ឌាប្រមាណ ១០ម៉ឺននាក់ នៅឆ្នាំ២០២០៕