(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យភូមិន្ទ កសិកម្មចំការដួងជាច្រើននាក់ នាំគ្នាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ ដែលកំពុងត្រូវការឈាមជាចាំបាច់ ដើម្បីយកទៅជួយសង្រ្គោះជនរងគ្រោះ ដែលត្រូវការឈាមនៅតាមមន្ទីរពេទ្យនានា។
កម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «តន្រ្តីសប្បុរសធម៌ ក្នុងការ បរិច្ចាគឈាម»នេះ ប្រារព្ធឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ និងទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងសាលសម្តេច ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមវត្តមាន លោក ឱ គឹមស៊ា រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកសាស្ត្រាចារ្យ ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ព្រមទាំងលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងភ្ញៀវកិត្តិយសជាច្រើនទៀត។នេះជាលើទី៧ ហើយដែលសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានអនុញ្ញាតឲ្យមជ្ឈ
មណ្ឌលជាតិផ្តល់ឈាម ចុះទៅទទួលយកអំណោយឈាម ដោយសប្បុរស ពីសិស្សនិស្សិតមកពីគ្រប់ដេប៉ាតាម៉ង់។ កម្មវិធីលើកនេះ នឹងប្រារព្ធឡើងរយៈពីរថ្ងៃពេញ អមជាមួយនឹងការប្រគុំតន្រ្តី និងការសម្តែងសិល្បៈចម្រុះជាច្រើន ដើម្បីលើកទឹកចិត្ត និងក្រើនរំលឹកឲ្យមានការចូលរូមបរិច្ចាគឈាមកាន់តែច្រើនដើម្បី ទទួលបានអំណោយឈាមកាន់តែច្រើនជាងឆ្នាំមុនៗ ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការយកទៅផ្គត់ផ្គង់ដល់កង្វះខាតឈាមទូទាំងប្រទេស។
លោកសាស្ត្រាចារ្យ ង៉ោ ប៊ុនថាន បានសម្តែងនូវការស្វាគន៍យ៉ាងកក់ក្តៅ ចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងអគុណដល់ក្រុមហ៊ុនទឹកពិសារវីតាល់ និងក្រុមហ៊ុនឯកជន ផ្សេងៗទៀត ដែលតែងតែចូលរួមឧបត្ថម្ភក្នុងកម្មវិធីមនុស្សធម៌នានា ជាពិសេសកម្មវិធីបរិច្ចាគឈាម នៅសាលាចំការដូង ជាពិសេសគឺ វីតាល់ដែលតែងតែមានវត្តមានជាច្រើនឆ្នាំរួចមកហើយ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានធ្វើការថ្លែងអំណរគុណដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ក៏ដូចជាសាកលវិទ្យាល័យជាតិ និងឯកជនដទៃទៀត ដែលបានធ្វើការបរិច្ចាគឈាមយ៉ាងច្រើន ដល់មជ្ឈមណ្ឌល។
លោកប្រធាន បានបញ្ជាក់ថា ការបរិច្ចាគឈាមគឺ ការប៉ះពាល់ដល់សុខភាពនោះទេ ផ្ទុយវិញវាជាសកម្មភាព អាចគឺអាចធ្វើឲ្យយើងក្លាយជាវីរបុរសម្នាក់ ដែលអាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ៣នាក់ ក្នុងឈាមដែលបូមបានមួយប្លោក។
រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានគូសបញ្ជាក់សាទរ ដល់និសិ្សតភូមិន្ទកសិកម្ម ដែលជាច្រើនឆ្នាំមកនេះ បានចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីមនុស្សធម៌ដ៏ថ្លៃថ្លា នៃកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលប្អូនៗមានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាម លោកថាទង្វើបានបង្ហាញ យ៉ាងច្បាស់នូវឆន្ទៈសាមគ្គីភាព របស់យុវជនខ្មែរជំនាន់ថ្មី។ លោកក៏បញ្ជាក់ទៀតថា ក្រសួងកសិកម្មនឹងនៅតែបន្តគាំទ្រ ដល់កម្មវិធីសប្បុរសធម៌នេះ ឲ្យមានជារៀងរាល់ឆ្នាំ ជាមួយនឹងមួយរូបភាពធំជាងមុន។
លោក អ៊ុ វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈ តំណាងក្រុមហ៊ុន វីតាល់ បាននិយាយថា ការឧបត្ថម្ភថ្ងៃនេះអាចធ្វើទៅបានដោយមានការចូលរួមពីអតិថិជន របស់វីតាល់ ក៏ដូចជាប្អូនៗទាំងអស់ ដែលបានគាំទ្រដល់ផលិតផលគុណភាពខ្ពស់របស់ជាតិ និងការគាំទ្ររបស់អ្នកទាំងអស់គ្នាបានធ្វើឲ្យមូលនិធិ២៥៛ របស់យើងកាន់តែរីកធំ ទើបអាចឲ្យវីតាល់ មានលទ្ធភាពឧបត្ថម្ភ និងគាំទ្រដល់កម្មវិធីមនុស្សធម៌នានាយ៉ាងសកម្មដូចសព្វថ្ងៃនេះ៕