(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធាន ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានផ្ញើសារមរណទុក្ខជូនចំពោះគ្រួសារលោកស្រី រស់ សោភនី ចំពោះមរណភាពរបស់លោកស្រី រស់ សោភនី។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចាត់ទុកមរណភាពរបស់លោកស្រី រស់ សោភនី គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប សម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា និងសូមសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយគ្រួសារនៃសព លោកស្រី រស់ សោភនី និងសូមឲ្យវិញ្ញាណក្ខន្ធលោកស្រីទៅកាន់សុគតិភព។
សូមជម្រាបថា លោកស្រី រស់ សោភនី ដែលគេស្គាល់ថា គឺជាអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ ជាមួយនឹងសំឡេងយ៉ាងពិរោះរណ្តំរបស់ប៉ុស្តិ៍ទូរទស្សន៍ជាតិ (ទទក) បានទទួលមរណភាព នៅប្រទេសបារាំង។
អ្នកស្រី លក្ខិណា ក្មួយស្រីរបស់សពលោកស្រី រស់ សោភនី បានប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ថា «អ៊ុំស្រីរបស់ខ្ញុំ បានស្លាប់នៅក្នុងមន្ទីរពេទ្យអុបពីតាល់ឌឺហ្សឺដង់ ក្នុងទីក្រុងហ្សឺដង់ ប្រទេសបារាំង នៅម៉ោង៥៖២០នាទី ម៉ោងប្រទេសបារាំង ត្រូវនឹង១១៖២០ថ្ងៃត្រង់ម៉ោងនៅកម្ពុជា ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ដោយរោគាពាធ ក្នុងវ័យ៦៣ឆ្នាំ»។ អ្នកស្រី លក្ខិណា បន្ថែមថា លោកស្រី រស់ សោភនី មានជំងឺរលាកថ្លើម និងគ្រលៀនឈប់ដំណើរការ។
អ្នកស្រី លក្ខិណា បន្តថា លោកស្រី រស់ សោភនី បានចូលនិវត្តន៍ពីក្រសួងព័ត៌មានរយៈពេល២ឆ្នាំមកហើយ។ មុនចូលនិវត្តន៍លោកស្រីមានតួនាទីជាអនុប្រធាននាយកដ្ឋាន និងជាអ្នកគ្រប់គ្រងព័ត៌មានអន្តរជាតិ នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា។
លោកស្រី រស់ សោភនី គឺជាអ្នកអានព័ត៌មានអន្តរជាតិដ៏ល្បីឈ្មោះ នៅប្រទេសកម្ពុជា ដែលសាធារណជនទទួលស្គាល់ និងចង់ទស្សនាព័ត៌មានអន្តរជាតិរបស់ទូរទស្សន៍ជាតិ (ទទក)៕