(ភ្នំពេញ)៖ ពិព័រណ៍ផលិតផលសូត្រ និងតម្បាញ ចម្លាក់និងសូនរូប ម្អូបអាហារ និងផលិផលកែច្នៃពីធនធាន ក្នុងសហគមន៍ ជាង៤០ស្តង់ មកពី១១ខេត្ត នឹងដាក់បង្ហាញជូនសាធារណៈជន ទសន្សនានៅថ្ងៃទី១៤ និង១៥ ខែកុម្ភៈ នៅទីធ្លាខាងស្តាំដៃ តារាងបាល់ទាត់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។
ពិព័រណ៍ផលិតផលសហគមន៍ខ្ញុំ ក្រោមពាក្យស្លោក «ការអភិវឌ្ឍ-ការច្នៃប្រឌិត-យុវជន» នេះនឹងរៀបចំឡើង ដោយមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងគោលបំណងដើម្បីបង្ហាញពី គំរូជោគជ័យនៃការអភិវឌ្ឍសហគមន៍ ការលើកកម្ពស់ផលិតផលសហគមន៍ ការផ្សាភ្ជាប់និស្សិត ជាមួយសហគមន៍មូលដ្ឋាន ការបង្កើនការយល់ដឹងពីការអភិវឌ្ឍ សហគមន៍ដោយមាននិរន្តភាព ទំនាក់ទំនងរវាងការអភិវឌ្ឍន៍សហគមន៍ ការអភិវឌ្ឍសេដ្ឋកិច្ច និងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍ជាមួយផលិតផលសហគមន៍ ដល់យុវជនកម្ពុជា ការលើកទឹកចិត្តយុវជនក្នុងការចូលរួមការងារសង្គម និងការលើកទឹកចិត្តឲ្យនិស្សិត ចេះរៀបចំព្រឹត្តិការណ៍នានា នៅសហគមន៍របស់ពួកគេនាពេលអនាគត។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា តំណាងក្រសួងអភិវឌ្ឍជនបទ តំណាងក្រសួងវប្បធម៌ និងលោក ជេត ជាលី សាកលវិទ្យាធិការភូមិន្ទភ្នំពេញ នឹងអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិព័រណ៍ផលិតផលសហគមន៍ខ្ញុំ។ ក្នុងកម្មវិធីពិព័រណ៍ផលិតផលសហគមន៍ខ្ញុំ នេះផងដែរ ក៏មានការប្រកួតស៊ែលហ្វី Selfie ជាមួយស្តង់ពិព័រណ៍ផលិតផល លែងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងរបស់ក្រុមនិស្សិត និងការប្រគំតន្រ្តីទស្សនាកំសាន្ត។
ផលិតផលសហគមន៍ ដែលនឹងចូលរួមតាំងពិព័រណ៍ រួមមានសូត្រនិងតម្បាញ១៥ស្តង់ សម្លាក់ និងសូនរូប៨ស្តង់ ម្ហូបអាហារ៧ស្តង់ និងផលិតផលកែច្នៃពីធនធាន ក្នុងសហគមន៍ផ្សេងៗ១១ស្តង់ ដែលមកពីសហគមន៍ ក្នុងខេត្តចំនួន១១ ជាអាទិ៍ ខេត្តកណ្តាល កំពង់ចាម កំពង់ឆ្នាំង តាកែវ បាត់ដំបង ពោធិសាត់ ព្រៃវែង មណ្ឌលគិរី សៀមរាប ស្ទឹងត្រែង និងរាជធានីភ្នំពេញ។
ក្រុមនិស្សិតមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សង្ឃឹមយ៉ាងមុតមាំថា ពិព័រណ៍ផលិតផលសហគមន៍ខ្ញុំនេះ នឹងចូលរួមលើកកម្ពស់ផលិតផលសហគមន៍ ចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានលើកកម្ពស់ភាពជាអ្នកដឹកនាំ របស់យុវជននៃកម្ពុជា៕
\