​(ពោធិ៍សាត់)​៖​ អគារសិក្សាមួយខ្នងមាន៤បន្ទប់ដែលទើបស្ថាបនារួច នៅក្នុងអនុវិទ្យាល័យរហាទិល ស្ថិតក្នុងភូមិរហាទិល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។

លោកអភិបាលស្រុកបាកានបានជម្រាបជូនថា ភូមិរហាទិលនេះ ជាភូមិមួយនៅចុងកាត់មាត់ញកឆ្ងាយដាច់ស្រយាលពីគេ មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ​ ពីទីរួមខេត្ត។ ពីមុនតំបន់នេះជាតំបន់ភ្នក់ភ្លើងសង្គ្រាម ផ្លូវក៏លំបាកធ្វើដំណើរ ហើយមានប្រជាពលរដ្ឋរស់នៅមិនដល់ ១០គ្រួសារផង។ ដោយសារឆ្ងាយពីសាលារៀន ទើបនៅឆ្នាំ១៩៩៨ លោក ម៉ុះ ម៉ុន មេបញ្ជាការវរសេនាតូចលេខ១ បានផ្ដល់ដីមួយហិចតាបង្កើតសាលារៀននៅទីនោះ។

ចៅហ្វាយស្រុកបាកានបានបន្តថា នៅឆ្នាំ២០១៣ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសាងសង់អគារសិក្សាមួយខ្នង៥បន្ទប់ធ្វើអំពីថ្ម បំពាក់ដោយកៅអី តុ និងក្ដារខៀន ព្រមទាំងឧបត្ថម្ភសម្ភារសិក្សាជូនដល់សិស្សានុសិស្សជាបន្តបន្ទាប់។ ដោយចំនួនសិស្សមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅឆ្នាំ២០១៥-២០១៦ អាជ្ញាធរមូលដ្ឋានបានស្នើសុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់ បង្កើតជាអនុវិទ្យាល័យរហាទិល។

ក្រោយមកនៅឆ្នាំ២០១៧ សប្បុរសជនឈ្មោះ ឃួន យូ បានជួយកសាងអគារសិក្សាមួយខ្នង៥បន្ទប់ តាមរយៈលោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់។ ស្របពេលជាមួយគ្នានេះ អង្គការ School Aid Japan បានដឹកនាំសមាគមក្រុមហ៊ុន យូកូហាម៉ា អូអេដែងគិ មកពីប្រទសជប៉ុនជួយកសាងអគារសិក្សាមួយខ្នង៤បន្ទប់ទៀត បំពាក់ដោយគ្រឿងសង្ហារឹមដែលធ្វើពិធីសម្ភោធ នាពេលនេះ។

បន្ទាប់ពីមតិចូលរួមរបស់ម្ចាស់ជំនួយជនជាតិជប៉ុនរួចមក លោកអភិបាល ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ School Aid Japan និងសមាគមក្រុមហ៊ុន យូកូហាម៉ា អូអេដែងគិ ដែលបានជួយសាសង់អគារសិក្សាមួយខ្នង៤បន្ទប់ ជូនអនុវិទ្យាល័យរហាទិលនេះ សម្រាប់កូនខ្មែររៀនសូត្រ។ ទាំងនេះសបញ្ជាក់ថា ជនជាតិជប៉ុនមានការស្រលាញ់រាប់អានជនជាតិកម្ពុជាខ្លាំងណាស់ ហើយទង្វើទាំងនេះបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជាផងដែរ។ លោកថា អគារសិក្សានេះ ជាថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជាសម្រាប់ក្មួយៗទាំងអស់គ្នា ដូច្នេះត្រូវខិតខំរៀនសូត្រឲ្យបានពូកែ ដើម្បីកុំឲ្យម្ចាស់អំណោយខកបំណង។

លោក ម៉ៅ ធនិន បានណែនាំក្រើនរំឭកថា សិស្សានុសិស្សត្រូវធ្វើខ្លួនឲ្យទៅជាគ្រាប់ពេជ្រនៅក្នុងភក់ ប្រសើរជាងធ្វើគ្រាប់គ្រួសនៅលើជាងពានមាស ពោលត្រូវហាត់ពាត់លត់ដំខ្លួនឲ្យក្លាយជាមនុស្សល្អចាប់ពីពេលនេះទៅ លុះពេលអនាគត បានធ្វើជាមេដឹកនាំគេនឹងធ្វើឲ្យមន្ត្រីក្រោមឱវាទកាន់តែគោរពស្រលាញ់ថែមទៀត៕