(តាកែវ)៖ ដើម្បីបន្តជួយជ្រោមជ្រែង សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ ឲ្យដំណើរការទៅមុខប្រកបដោយនិរន្តរភាពនោះ លោក សុខ សូកាន តំណាងរាស្ត្រមណ្ឌលតាកែវ បានដាក់ចេញផែនការសកម្មភាពថ្មីចំនួន៥ចំណុច សម្រាប់អនុវត្តក្នុងសមាគមមូលដ្ឋានមួយនេះ។
ការដាក់ចេញផែនការនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ «សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិររីវង់» និងពិធីប្រគល់ប្រាក់កម្ចីជូនសមាជិកសកម្ម របស់សមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលាស្រុកគិរីវង់។
ផែនការសកម្មភាពដែលលោក សុខ សូកាន លើកឡើងទាំង៥ចំណុចនោះ រួមមាន៖
១៖ ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការពង្រីកឥណទានបន្ថែមទៀត។
២៖ ការផ្សព្វផ្សាយពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងសកម្មភាពរបស់សមាគមមូលនិធិគ្រូបង្រៀននេះ ដើម្បីទាក់ទាញ់សមាជិកថ្មីៗ។
៣៖ ការដាក់បញ្ចូលសមាជិកថ្មីឲ្យបានទាន់ពេលវេលា និងការកំណត់ពេលវេលាសងប្រាក់ច្បាស់លាស់។
៤៖ ការបង្កើតសាលាភាសាបង្រៀនភាសាបរទេស ក្នុងក្របខណ្ឌសមាគមមូលនិធិគ្រូបង្រៀន។
៥៖ ការបញ្ចូលសមាជិកសមាគមមូលនិធិ គ្រូបង្រៀនទៅក្នុងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដើម្បីទទួលបានការសហការជាមួយអង្គការជាតិ និងអន្តរជាតិនានា។
លោកបានលើកឡើងនូវការយល់ឃើញផ្ទាល់ខ្លួន ពាក់ព័ន្ធនឹងការធ្វើប្រសើរឡើង នូវគុណភាពនៃការអប់រំដែលអាស្រ័យលើកត្តា៣យ៉ាង គឺប្រាក់ខែគ្រូបង្រៀន ការរៀបចំកំណត់ចំនួនសិស្សក្នុងថ្នាក់រៀន និងការចូលរួមរបស់មាតាបិតាសិស្ស ក្នុងនោះលោកក៏បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការដំឡើងប្រាក់ខែអប្បបរមារបស់គ្រូបង្រៀនរហូតដល់ ១លានរៀល ចាប់ពីឆ្នាំ២០១៨នេះតទៅ និងមានមូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការ។
លោកបានគូសបញ្ជាក់ពីអត្ថប្រយោជន៍ជាច្រើនរបស់មូលនិធិគ្រូបង្រៀន និងភាពជោគជ័យនៃមូលនិធិនេះ ដែលជាសញ្ញាណវិជ្ជមានរបស់មូលនិធិនេះ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពគ្រូបង្រៀន។ តំណាងរាស្ត្ររូបនេះសង្ឃឹមយ៉ាងមុតមាំថា លោកគ្រូអ្នកគ្រូទាំងអស់នឹងជួយគាំទ្រផ្សព្វផ្សាយបន្ថែមនូវគុណប្រយោជន៍នៃសមាគមគ្រូបង្រៀននេះ ព្រមទាំងចូលរួមការពារសមិទ្ធផលទាំងឡាយរបស់សមាគម និងរួមគ្នាកសាង រក្សានូវសាមគ្គីភាពរវាងគ្រូ និងគ្រូ ដើម្បីជីវភាពកាន់តែប្រសើរឡើង។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ នៅស្រុកគិរីវង់មានគ្រូបង្រៀនសរុបទាំងអស់ ៩១៩នាក់ ស្រី ៣០៩នាក់ និងគ្រូចូលនិវត្តន៍មាន ២១៧នាក់។ អ្នកដែលបានចូលជាសមាជិកនៃសមាគមមានចំនួន ៧១៩នាក់ ក្នុងនោះគ្រូចូលនិវត្តដ៍មាន ៣០នាក់។ ប្រាក់វិភាគទានសរុបមានចំនួន ២៤លាន ២២ម៉ឺនរៀល និងមានសមាជិកខ្ចីប្រាក់ចំនួន ៣៦១នាក់ ស្មើនឹង ៣៦១លានរៀលក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ នេះមានសមាជិកខ្ចីបន្ថែមចំនួន ៤៤នាក់ ស្មើនឹង ៤៤លានរៀល។
តំណាងរាស្ត្រ សុខ សូកាន បានជូននូវថវិកាចំនួន ៥លានរៀលទៅដល់ សមាគមមូលនិធិគ្រូបង្រៀន បណ្ឌិតសភាចារ្យ សុខ អាន គិរីវង់ និងជូននូវប៊ិចអនុស្សាវរីយ៍របស់សម្តេចវិបុលបញ្ញា សុខ អាន ដល់នាយកសាលាទាំងអស់ ៧១រូប៕