(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន ដើម្បីពិនិត្យមើលសេចក្តីព្រាងច្បាប់ចំនួន៣ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។

លោ​ក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សេចក្តីព្រាងច្បាប់ទាំង៣នោះរួមមាន៖ទី១៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ទី២៖ សេចក្តីពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ និង ទី៣៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។

ដោយឡែកសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលរៀបចំដោយរាជរដ្ឋាភិបាលដំណាលគ្នាដែរនោះ មិនទាន់បានបញ្ជូនទៅដល់រដ្ឋសភានៅឡើយទេ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ឡេង ប៉េងឡុង។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមិនទាន់បញ្ជូនទៅកាន់រដ្ឋសភា ដោយសាររង់ចាំព្រះរាជសាររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមុនសិន។

សូមបញ្ជាក់ថា សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈរដ្ឋមន្រ្តីកម្ពុជា អនុម័តទាំងស្រុងដោយគ្មានការកែប្រែលើសេចក្តីព្រាងច្បាប់ចំនួន៤ ក្នុងនោះមាន៖

១៖ សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

២៖ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ។

៣៖ សេចក្តពីព្រាងច្បាប់ស្តីវិសោធនកម្មមាត្រា២៦ មាត្រា២៧ថ្មី មាត្រា២៨ មាត្រា៣១ និងមាត្រា៣២ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។

៤៖ សេចក្តីព្រាងច្បាប់ស្តីពីអាជ្ញាបណ្ណបញ្ជាសម្រាប់សុខភាពសាធារណៈ។