(ភ្នំពេញ)៖ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានប្រកាសគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក សេង សុខេង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «រាជរដ្ឋាភិបាលកម្ពុជាបានអនុមតរួចហើយកាលពីថ្ងៃសុក្រទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ នូវសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៤ថ្មីមាត្រា៤២មាត្រា៤៩មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា២៦មាត្រា២៧ថ្មីមាត្រា២៨មាត្រា៣១ និងមាត្រា៣២នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ»។
លោកបានបន្តថា «គណបក្សសញ្ជាតិកម្ពុជា ធ្វើការប្រកាសគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌនេះ គឺដើម្បីឧត្តមប្រយោជន៍ជាតិនិងដើម្បីការពារស្ថាប័នព្រះមហាក្សត្រហើយសមាជិកសភា នៃកូតាគណបក្សសញ្ជាតិកម្ពុជានឹងចូលរួមអនុម័តនៅពេលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនេះបានមកដល់រដ្ឋសភា»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈរដ្ឋមន្រ្តីកម្ពុជា អនុម័តទាំងស្រុងដោយគ្មានការកែប្រែ លើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ទាំង៥មាត្រានោះរួមមាន៖ មាត្រា៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី។
ចំពោះការសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបានលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ធ្វើឡើង ដើម្បីលើកស្ទួយតម្លៃជាតិខ្មែរ ក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិតេយ្យជាតិ និងឯករាជ្យជាតិ ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ តាមគ្រប់រូបភាព ព្រមទាំងដើម្បីលើកស្ទួយការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។
ដោយឡែកចំពោះការកែប្រែមាត្រា១១៨ នៃរដ្ឋធម្មនុញ្ញវិញ ត្រូវបានលោក ផៃ ស៊ីផាន បញ្ជាក់ថា ដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ទាក់ទងនឹងការទទួលខុសត្រូវរបស់សមាជិករាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា ក៏ដូចជាផ្អែកលើបទពិសោធន៍នៃការងារអភិបាលកិច្ចបណ្តាប្រទេសជឿនលឿន ទាំងក្នុងតំបន់ និងអន្តរជាតិ ក្នុងឋានៈជាប្រមុខរដ្ឋរាជរដ្ឋាភិបាល។ ការធ្វើវិសោធនកម្មមាត្រា ១១៨ថ្មី នេះមិនត្រឹមតែអាចបន្ថយចំនួន សមាភាព រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការពង្រឹងការទទួលខុសត្រូវខ្ពស់របស់សមាជិក រាជរដ្ឋាភិបាលចំពោះមុខរដ្ឋសភា និងការបង្កើនប្រសិទ្ធភាព នៃការងាររបស់អង្គនីតិប្រតិបត្តិតាមរយៈការកែទម្រង់លើរចនាសម្ព័ន្ធ និងអភិបាលកិច្ចនៃអង្គនីតិប្រតិបត្តិ នឹងអង្គមុខងារសាធារណៈផងដែរ៕