(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានថ្លែងបញ្ជាក់ថា ក្នុងសម័យយុវជនជំនាន់មុន បានលះបង់អស់ ទាំងកម្លាំងកាយចិត្ត ស្មារតី និងយកអាយុជីវិតទៅតស៊ូប្ដូរ ដើម្បីបញ្ចប់សង្គ្រាមដ៍រ៉ាំរ៉ៃ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រហូតមកដល់សម័យយុវជនជំនាន់នេះ នាំគ្នាការពារសន្តិភាព ដែលពោពេញដោយការអភិវឌ្ឍន៍ឥតឈប់ឈរ ដើម្បីមនុស្សជំនាន់ក្រោយ ក្រោមការដឹកនាំពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោក ជា ពិសី បានលើកឡើងបែបនេះ ក្នុងពេលដឹកនាំប្រតិភូ នៃក្រុមយុវជន ស.ស.យ.ក និងយុវជន អ.ម.ត ព្រមទាំងមន្ត្រីពាក់ព័ន្ធរដ្ឋបាលខណ្ឌឫស្សីកែវ សរុប២១០នាក់ នាថ្ងៃទី៣-៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងដំណើរកម្សាន្ដលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើជូនប្រជាពលរដ្ឋ ដោយចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅបោះជំរុំ និងពិសារអាហារ សាមគ្គី២យប់២ថ្ងៃជុំគ្នា ស្ថិតក្នុងភូមិថ្មធំ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយប្រធានបទ «យុវជនជំនាន់មុនប្ដូរជីវិត ដើម្បីបញ្ចប់សង្គ្រាម, យុវជនជំនាន់នេះ ការពារសន្តិភាព ដើម្បីមនុស្សជំនាន់ក្រោយ» ក្រោមការដឹកនាំចង្អុលបង្ហាញពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ជា ពិសី បានថ្លែងថា ក្រោយពីយើងជួបនូវសង្គ្រាមដ៏រ៉ាំរ៉ៃ កាលពីសម័យមុន ដែលធ្វើឲ្យមានការព្រាត់ប្រាសបងប្អូន ឪពុកម្ដាយ ហើយរហូតយើទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៌ ដូចសព្វថ្ងៃនេះ និងមានតែការអភិវឌ្ឍន៍ឥតឈប់ឈរ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដោយមិនអនុញ្ញាតឲ្យជនណា ឬបុគ្គលណាម្នាក់ មកបំផ្លាញសន្តិភាពដ៍ប្រសិទ្ធមួយនេះ ពីប្រជាពលរដ្ឋបានឡើយ នេះក៏ព្រោះតែប្រវត្តិសាស្ត្របានបញ្ជាក់ច្បាស់ហើយថា អំពីតម្លៃនៃការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងអំពើទុច្ចរិតរបស់អង្គការចាត់តាំងបដិវត្តន៍ពណ៌ ដែលឆក់ឱកាសក្នុងពេលបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌ បង្កគ្រោះថ្នាក់ដល់ប្រជាជន ផ្ដល់នូវភាពខ្លោចផ្សារ វិនាសកម្ម និងភាពខ្ទេចខ្ទាំ ពីបដិវត្តន៍ពណ៌នៅស្រស់ៗនៅឡើយ ហើយគ្មានអ្នកណាចេញមុខទទួលខុសត្រូវចំពោះសោកនាដកម្មនេះ និងទីបំផុតបំផ្លាញប្រទេសជាតិឯង បើទោះបីយ៉ាងណា តាមវិធីណាក៏ដោយ សុំកុំយកបដិវត្តន៍ពណ៌ដ៏ខ្មៅងងិតនេះ មកសាបព្រួសនៅមាតុភូមិកម្ពុជាឲ្យសោះ៕