(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅបន្ទប់ជួល ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ថា នៅយប់មិញ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានក្រុមចោរចូល ទៅកាត់សោរលួចយកម៉ូតូចំនួន២គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព។
ជុំវិញបញ្ហាអសន្តិសុខខាងលើនេះ ប្រជាពលរដ្ឋរងគ្រោះសុំអំពាវនាវឲ្យសមត្ថកិច្ចទាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរពាក់ព័ន្ធ ជួយអន្តរាគមន៍ស្រាវជ្រាវ តាមបង្ក្រាបក្រុមចោរទាំងនោះ ឲ្យខាងតែបានផង បើមិនអញ្ជឹងទេ ការរស់នៅ និងការចាក់សោផ្ទះទុកចោលក្ដី គឺអារម្មណ៍ស្ថិតនៅក្នុងភាពភ័យខ្លាចជាក់ជាមិនខានឡើយ។
ប្រជាពលរដ្ឋបានអះអាងថា ជារៀងរាល់យប់ មានក្រុមមន្ត្រីប៉ូលីសប៉ុស្ដិ៍ទួលសង្កែ១ ខណ្ឌឫស្សីកែវ ចុះល្បាតដែរ តែសកម្មភាពគាស់ផ្ទះនៅតែមាន មិនដឹងមកពីមូលហេតុអ្វីនោះឡើយ។ ស្ថានភាពបែបនេះ ហាក់ធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿ ទៅលើមន្ត្រីសមត្ថកិច្ចទាំងនេះ ក្នុងការថែរក្សាសន្ដិសុខជូនពួកគាត់។ ប្រជាពលរដ្ឋ ពិតជាមានការភ័យខ្លាចខ្លាំងណាស់ មិនដឹងថា ត្រូវនិយាយពឹងពាក់ឲ្យ ខាងណាជួយបាន បើមិនចេញទៅធ្វើការមិនដឹងបានអី ចិញ្ចឹមជីវិត។ ដូចច្នេះសូមអំពាវនាវដល់អង្គភាពសមត្ថកិច្ច ជាពិសេសនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល រាជធានីភ្នំពេញ សូមជួយអន្តរាគមន៍ករណីនេះ ឲ្យមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពផង។
ជាក់ស្ដែងជនរងគ្រោះជានិស្សិតមាន២នាក់ បងប្អូន ដែលត្រូវក្រុមចោរលួចកាត់សោរយកម៉ូតូទៅបាត់ ដោយសុវត្ថភាពទី១-ឈ្មោះ ឌី ពុន្ធា ភេទប្រុស អាយុ២១ឆ្នាំ បាត់ម៉ូតម៉ាកស៊ុយស៊ូគីនិច ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ-1CE2773។រីឯប្អូនស្រីបង្កើតឈ្មោះ ឌី សម្ភស្ស អាយុ១៩ឆ្នាំ បាត់ម៉ូតូម៉ាកសេ១២៥ សេរីឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1F-6560។
តាមការអះអាងពីជនរងគ្រោះទាំង២នាក់បងប្អូន បានឲ្យដឹងថា នៅវេលាម៉ោង៩និង០០ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ពួកគេបានត្រឡប់ពីហូបបាញ់ឆែវជាមួយមិត្តភក្កិនៅខណ្ឌជ្រោយចង្វារ ខណៈពេលមកដល់បន្ទប់ជួលវិញ បានយកសោរច្រវ៉ាក់ម្នាក់មួយមកចាក់សោរកង់ម៉ូតូផ្នែកខាងមុខ រាងៗខ្លួនដូចសព្វដង រួចហើយក៍នាំគ្នាឡើងទៅដេកនៅបន្ទប់ជួលជាន់ទី១ លង់លក់រហូតដល់ភ្លឺ ស្រាប់តែព្រឹកឡើងម៉ោងប្រហែលជាង៦ នាថ្ងៃទី៥ ខែកុម្ភៈ រូបគេទាំ២នាក់បងប្អូនបានរាបចំខ្លួនរួចចុះមកយកម៉ូតូ ដើម្បីជិះទៅសាលារៀន ឃើញបាត់ម៉ូតូទាំង២គ្រឿងទៅហើយ និងបាត់ទាំច្រវ៉ាកចាក់ម៉ូតូថែមទៀត ទើបបង្ករឲ្យមានការភ្ញាក់ផ្អើលរត់រកសមត្ថកិច្ចប៉ុស្ដិ៍ទួលសង្កែ១ ដើម្បីដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ៕