(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបើកសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ននេះ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានដាស់តឿនឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់ និងជនរងគ្រោះដោយសារថ្នាំញៀន រស់នៅតំបន់គ្រប់គ្រងរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការកំណត់តួលេខឲ្យបានច្បាស់លាស់។
ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន់ បានថ្លែងថា «ទោះបីជាចំនួនអ្នកប្រើប្រាស់ មានការថយចុះចំនួន១២ភាគរយក្តី តែមានករណីខ្លះគួរឲ្យសង្ស័យ ដូច្នេះសូមគណៈអភិបាលរាជធានី-ខេត្ត រួមជាមួយគណៈអភិបាល គ្រប់គ្រងបញ្ហាគ្រឿងញៀន រាជធានី-ខេត្ត ទាំងអស់ត្រូវតាមដានឡើងវិញ អំពីបញ្ហាខាងលើនេះ ដើម្បីធ្វើយ៉ាងណាតម្រងគោលដៅឆ្នាំ២០១៨នេះ ទៅរកការបង្រ្កាប ឲ្យចំគោលដៅប្រើប្រាស់ និងចែកចាយគ្រឿងញៀន ឲ្យមានប្រសិទ្ធភាព»។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្តថា ទោះបីកន្លងមកការខិតខំប្រឹងប្រែរបស់សមត្ថកិច្ចជំនាញទាំងអស់ បានចូលរួមចំណែកបង្រ្កាបបទល្មើសនានា បានតែ១៤ភាគរយទេ ទាំងករណីព្រហ្មទណ្ឌកម្រិតធ្ងន់ ព្រហ្មទណ្ឌកម្រិតស្រាល ដូច្នេះយើងត្រូវតែប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយរាល់បញ្ហាសន្តិសុខនៅក្នុងសង្គមនេះបានផងដែរ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន់ បានបញ្ជាក់ បច្ចុប្បន្ននេះ ការព្យាបាល និងបន្សាបជនរងគ្រោះដោយសារថ្នាំញៀន មានភាពល្អប្រសើរដោយ គ្រប់គ្រងបានកើនឡើង៩ភាគរយ បើតាមការរាយការណ៍របស់មន្ត្រីជំនាញ ជនរងគ្រោះដោយសារថ្នាំញៀន នៅសល់ប្រមាណជាង២០០០នាក់ ដែលមិនបានព្យាបាល។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្លាំងមន្ត្រីអនុវត្តន៍ច្បាប់ ប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៨១៥២ករណី ឃាត់មនុស្ស១៧,៨៧៧នាក់ (ស្រី១,៥៨២នាក់) ដកហូតសារធាតុញៀនគ្រប់ប្រភេទជាង១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ និងកញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥,៨១៥ដើម៕