(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានករណីផ្ទុះអាវុធនៅសមុទ្រក្រៅ (កណ្តាលសមុទ្រ) ខាងលិចកោះសេះ ក្នុងទឹកដីខេត្តព្រះសីហនុ សង្ស័យបង្ក្រាបក្រុមអ្នកនេសាទខុសច្បាប់ ដែលលួចឆ្លងចូលដែនទឹករបស់ខ្មែរ បណ្តាលឲ្យបុរសជនជាតិវៀតណាមម្នាក់រងរបួសធ្ងន់។ នេះបើតាមមន្រ្តីសមត្ថកិច្ចខេត្តព្រះសីហនុ បានលួចប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ការផ្ទុះអាវុធនេះ អាចកើតឡើងនៅពេលកម្លាំងសមត្ថកិច្ចការពារបទល្មើសលើផ្ទៃសមុទ្រ ធ្វើការបង្ក្រាបក្រុមនេសាទវៀតណាម ដែលលួចឆ្លងដែនចូលមកដែនទឹក សមុទ្ររបស់ខ្មែរ ហើយក៏បណ្តាលឲ្យមានការផ្ទុះអាវុធរងរបួសម្នាក់ ត្រូវបានបញ្ជូនទៅខេត្តគៀនយ៉ាងវិញ ដើម្បីព្យាបាល។

យ៉ាងណាក៏ដោយ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា លោកមិនទាន់ទទួលបានព័ត៌មាននេះ នៅឡើយទេ ប៉ុន្តែនឹងចាត់ឲ្យកម្លាំងនគរបាលជំនាញ​ចុះ ទៅស្រាវជ្រាវលើករណីភ្លាម៕