(កំពង់ចាម)៖ រថយន្ដដឹកសម្ភាររោងការមួយគ្រឿង ដាច់ហ្វ្រាំងបុករះបង្គោលភ្លើង និងបុកចូលហាងលក់នំប៉័ង «អង្គរពេជ្រ» នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ នៅទល់មុខវិទ្យាល័យ ហ៊ុន សែន ស្គន់ តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា រថយន្ដបង្កម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3B-6007 ជារថយន្ដដឹកសម្ភាររោងការ បើកបរក្នុងទិសដៅពីលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែហ្វ្រាំងរបស់រថយន្ដនោះមិនដំណើរការ ក៏បានរេចង្កូតបុកបង្គោលភ្លើងមួយដើម និងបន្ដបុកចូលហាងនំប៉័ងតែម្ដង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យជនរងគ្រោះជាសិស្សសាលា២នាក់រងរបួស ដោយម្នាក់ធ្ងន់ធ្ងរបាក់ភ្លៅខាងឆ្វេង ហើយបញ្ជូនមកសង្គ្រោះនៅរាជធានីភ្នំពេញ ដោយឡែកម្ចាស់រថយន្ដបង្កបានរត់គេចខ្លួនបាត់ស្រមោល។
យ៉ាងណាមិញ នៅពេលគ្រោះថ្នាក់នេះកំពុងកើតឡើង ក៏មានរថយន្ដ៣គ្រឿងទៀត បានបុកបន្ដបន្ទុយគ្នាផងដែរ ដោយសារតែជាន់ហ្វ្រាន់មិនទាន់ ទើបបង្កឲ្យរថយន្ដដឹកដំឡូងធ្ងន់ធំមួយគ្រឿង បុកពីក្រោយរថយន្ដដឹកនាំអ្នកដំណើរដែលកំពុងតែបើកស្របទិសគ្នា បណ្ដាលឲ្យរងការខូចខាតផងដែរ។
ក្រោយកើតហេតុរថយន្ដទាំង៤គ្រឿង ត្រូវកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ យកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់៕