(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរបានឆ្អែតឆ្អន់ហើយជាមួយភ្លើងសង្គ្រាម ហើយបច្ចុប្បន្នកំពុងរស់នៅយ៉ាងសប្បាយរីករាយមិនត្រូវការសាកល្បងការផ្លាស់ប្តូរអ្វីទៀតនោះឡើយ។
ការគូសបញ្ជាក់របស់សម្តេចតេជោនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានធ្វើឡើងចំពេលដែលអតីតមេដឹកនាំបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី កំពុងធ្វើចលនាបំផុសប្រជាពលរដ្ឋឲ្យធ្វើការបះបោរប្រឆាំងរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃគឺឆ្អែតធុញទ្រាន់នឹងសង្រ្គាម មិនចង់ឮ មិនចង់ រំឮកដល់ឡើយ។ នៅគ្រប់ទីកន្លែង គឺប្រជាពលរដ្ឋសប្បាយរីករាយក្នុងការរស់នៅជួបជុំក្រុមគ្រួសារ មានឱកាសគ្រប់យ់ាងក្នុងការប្រកបមុខរបរ និងការងារតូចធំតាមចំណង់ចំណូលចិត្ត និងធ្វើដំណើរទេសចរណ៍កម្សាន្តជិតឆ្ងាយដោយគ្មានការភ័យខ្លាច។ បងប្អូនគ្មានត្រូវការសាកល្បងផ្លាស់ប្តូរអ្វីទៀតទេ ព្រោះពេលនេះបងប្អូនបានរស់នៅសុខស្រួលហើយ។ ទន្ទឹមនឹងនេះ បងប្អូនជនរួមជាតិ ក៏បានដឹងច្បាស់ហើយថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាពពិតក្នុងការថែរក្សាការពារសន្តិភាព នឹងផ្តល់ឱកាសពិតប្រាកដដល់ពលរដ្ឋ»។
ជាមួយសារនយោបាយនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ជនរួមជាតិ និងសមាជិកសមាជិការទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសជាតិ៕