(ភ្នំពេញ)៖ រថយន្តក្រុងដឹកជញ្ជូនរបស់ក្រុមហ៊ុន «ស្ទឹងសែន នីកា» មួយគ្រឿង បានលួចដឹកឈើប្រណិត ដែលបង្កប់នៅបាតក្រោម ស្រាប់តែត្រូវខាងរដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរខណ្ឌទួលគោក ស្ទាក់ចាប់បាន នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវលេខ៣៤៧ កែផ្លូវលេខ៥២៨ ក្នុងខណ្ឌទួលគោក។ នេះបើតាមយោងតាម លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

បើតាមលោក ប៉ាង លីដា បន្ទាប់ត្រួតពិនិត្យ កម្លាំងបានរកឃើញឈើចំនួន៣៥ដុំ និងបានប្រគល់ជូនមន្រ្តីរដ្ឋបាលព្រៃដើម្បីចាត់ការបន្តទៀត។ យ៉ាងណាក៏ដោយ សម្រាប់ឈើទាំងនេះ មិនទាន់ត្រូវបាន មន្រ្តីជំនាញ និងមន្រ្តីអាជ្ញាធរបញ្ជាក់ថា​ តើនរណាជាម្ចាស់ឈើនោះឡើយ៕