(រតនគិរី)៖ កម្លាំងនគរបាលក្រុងបានលុង នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងខេត្តរតនគិរី ពីបទរំលោភសម្លាប់ យុវតីសិស្សវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង កាលពីសប្ដាហ៍មុននេះ ដើម្បីផ្ដន្ទាទោសតាមច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ដោយសារតែប្រទះឃើញសពយុវតី សិស្សវិទ្យាល័យភូមិថ្មី ដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហ៊ួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង។
បើតាមឪពុកយុវតីរងគ្រោះឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹង រៀបរាប់ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២រៀន កូនស្រីតែងតែដេកក្នុងតូបលក់ចាប់ហ៊ួយម្នាក់ឯង គឺមិនឡើងដេកផ្ទះនៅក្រោយ ជាមួយក្រុមគ្រួសារនោះទេ ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែចន្លោះម៉ោង៧-៨យប់ រូបគាត់ចូលមកក្នុងតូបលក់ហ៊ួយ មិនឃើញដូចសព្វដងក៏ដើររកជុំវិញផ្ទះ។
លុះដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកក្នុងវាលស្មៅ ក្បែរតូបលក់ចាប់ហ៊ួយទាំងអក្រាតកាយគួរអាណិតអាសូរ ហើយរហូតដល់៧៖៤៥នាទី លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ដឹកនាំសមត្ថកិច្ចនគរបាលជំនាញ និងនគរបាលមូលដ្ឋាន ធ្វើកោសល្យវិច្ច័យរួចប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណីជនជាតិ។
លោក តេង សាវុធ អធិការរងក្រុងបានលុង ទទួលផែនយុត្តិធ៌មប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា ជនសង្ស័យមានឈ្មោះ ជា ដែន អាយុ៣៩ឆ្នាំ ជនជាតិគ្រឹង ពោះម៉ាយ (ប្រពន្ធរត់ចោល) ឃាត់ខ្លួនកាលពីថ្ងៃកើតហេតុ ត្រូវជាបងប្អូនជីទូតមួយក្រុមគ្រួសារយុវតីរងគ្រោះនោះ។ បន្ទាប់ពីប្រើវិធានការជំនាញ ប៉ុន្តែរូបគេឆ្លើយបដិសេធពោល គឺពង្វាងសមត្ថកិច្ច ហើយមានចំណុចសង្ស័យច្រើន ព្រោះនៅយប់នោះ ជនសង្ស័យបានទៅទិញស្រាបៀ១កំប៉ុង និងដូរក្រវិល១កំប៉ុង គឺទិញពីប្អូនប្រុស បន្តិចក្រោយមកយុវតីរងគ្រោះមកពីសាលារៀនស្រាប់តែបាត់ពីតូបលក់ចាប់ហ៊ួយ ក្រុមគ្រួសារដើររក រហូតតែមិនឃើញលុះដល់ម៉ោង៣ទៀបភ្លឺ ឃើញដេកស្លាប់ទាំងអក្រាត្រកាយ ក្នុងវាលស្មៅចំងាយ១០ម៉ែត្រ ពីរោងលក់ចាប់ហ៊ួយ៕