(ភ្នំពេញ)៖ ក្នុងពេលអនុញ្ញាតឲ្យលោក វូ ក្វាងមិញ ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាមប្រចាំនៅកម្ពុជា ដែលទើបតែងតំាងថ្មី សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញជំនឿចិត្តថា ក្នុងអាណត្តិការទូតថ្មីនេះ លោក វូ ក្វាងមិញ នឹងបន្តពង្រឹងពង្រីក និងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ នៃប្រទេសទំាងពីរឲ្យរឹងមាំថែមទៀត។
ជំនួបដែលធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅវិមានរដ្ឋសភា សម្តេចប្រធានរដ្ឋសភាបានស្នើដល់ឯកអគ្គរដ្ឋទូត សហការជាមួយបណ្តាស្ថាប័ន ក្រសួង មន្ទីរ ខេត្ត ក្រុងនានា ជាពិសេសខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ សំដៅរួមគ្នាអភិវឌ្ឍន៍ និងកសាងវិបុលភាព ជូនប្រជាជាតិនៃប្រទេសយើងទាំងពីរ ក៏ដូចជារួមគ្នាថែរក្សាសន្តិសុខ សន្តិភាព ស្ថិរភាព ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនទំាងសងខាង។
ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន បានស្វាគមន៍ ដោយសេចក្តីសោមនស្សរីករាយ ចំពោះលោក វូ ក្វាង មិញ ដែលត្រូវបានបក្ស និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់សេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅ កម្ពុជា។
«បេសកកម្មការទូតថ្មីរបស់ឯកឧត្តមនៅកម្ពុជា នឹងរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងវៀតណាម ដែលមានស្រាប់ឲ្យកាន់តែល្អប្រសើរថែមមួយកំរិតទៀត»។ នេះជាការគូសបញ្ជាក់របស់សម្តេចប្រធានរដ្ឋសភា។
លោក វូ ក្វាង មិញ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ក្នុងខណៈដែលចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីររឹងមាំ និងរីកចម្រើនលើគ្រប់វិស័យ។
លោកបានគូសបញ្ជាក់ថា បន្ទាប់ពីបានថ្វាយសារតំាងចំពោះព្រះករុណាព្រះមហាក្សត្រកម្ពុជារួចមក ក្នុងរយៈពេលនេះ ឯកឧត្តមបានចូលរួម និងបានធ្វើកិច្ចការមួយចំនួនក្នុងបេសកកម្មពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរនោះ។ ក្នុងនោះឯកឧត្តមបានចូលរួមក្នុងពិធីបញ្ចុះបឋមសីលាជួសជុលប្រាសាទថ្មដានៅក្នុងខេត្តតាកែវ។ ចូលរួមពិធីចុះហត្ថលេខារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយក្រុមហ៊ុនស្វាយចាន់ទី របស់ប្រទេសវៀតណាម។
ឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម បានលើកឡើងថា នៅពេលលោកបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅនេះ សម្តេចនាយករដ្ឋមន្រ្តីបានលើកឡើងថាបេសកកម្មការទូតរបស់ឯកឧត្តមនៅពេលនេះគួរជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឲ្យកើនឡើងថែមទៀត។ លោក វូ ក្វាង មិញ បានស្នើសូមសម្តេចប្រធានរដ្ឋសភា និងស្ថាប័ននានារបស់កម្ពុជា ផ្តល់កិច្ចសហការដើម្បីបេសកកម្មការទូតរបស់លោកទទួលបានជោគជ័យ បម្រើដល់ផលប្រយោជន៍ប្រជាជន និងប្រទេសទំាងពីរ។
សម្តេច ហេង សំរិន បានលើកឡើងថា ក្នុងរយៈពេល ៥០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-វៀតណាម មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ គ្រប់កម្រិត ក្នុងស្មារតីភាតរភាពស្និទ្ធស្នាល ក្រោមពាក្យស្លោក «អ្នកភូមិផងល្អ មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការស្អិតរមួត និងយូរអង្វែង»៕