(ក្វាងទុង, ចិន)៖ លោក អ៊ៅយ៉ាង វ៉ីមីង អភិបាលរងខេត្តក្វាងទុង បានស្នើឲ្យកម្ពុជាធ្វើពាណិជ្ជកម្មជាមួយខ្លួន ដោយប្រើជាប្រាក់យន់ ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចនៅក្នុងតំបន់។ ការស្នើរបស់អភិបាលរងខេត្តក្វាងទុង បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មនៅសាលាខេត្តក្វាងទុង នាសប្តាហ៍កន្លងទៅនេះ។
ក្នុងជំនួបពិភាក្សានោះ លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជាត្រូវការពង្រីកទីផ្សារបន្ថែមទៀតសម្រាប់នាំចេញទំនិញ ហើយស្នើមិត្តចិនជួយទិញកសិផល និងផលិតផលដទៃទៀតពីកម្ពុជាឲ្យបានច្រើនជាងមុន ដើម្បីឈានទៅសម្រេចឲ្យបានទិសដៅក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមការឯកភាពរបស់ប្រមុខដឹកនាំប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យភាគីចិន វិនិយោគលើវិស័យសំខាន់ៗ មួយចំនួនដូចជា រោងចក្រកែច្នៃកសិផល រោងចក្រផលិតគ្រឿងកំប៉ុង ធ្វើឡសម្ងួត និងសាងសង់ឃ្លាំងសម្រាប់ទុកដាក់ស្រូវអង្ករ និងកសិផលផ្សេងទៀត។
ឆ្លើយតបសំណូមពរនេះអភិបាលរងខេត្តក្វាងទុង បានគូសបញ្ជាក់ថា ខេត្តក្វាងទុងនឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មមួយដាក់តាំងផលិត ផលមកពីអាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានផលិតផលមកពីកម្ពុជាផងដែរ សម្រាប់ប្រជាជនចូលទស្សនា និងស្វែងយល់ថា ប្រទេសកម្ពុជាមានផលិតផលអ្វីខ្លះ តម្លៃយ៉ាងណា? ធ្វើយ៉ាងនេះ ទំនិញពីកម្ពុជា នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនៅប្រទេសចិន។
លោក អ៊ៅយ៉ាង វ៉ីមីង បានបន្ថែមថា ចិនមានគោលនយោបាយធ្វើពាណិជ្ជកម្មជាប្រាក់យន់ចិន ជាជាងប្រាក់ដុល្លាអាមេរិក។ ដូចនេះលោកស្នើឲ្យកម្ពុជាជួយគាំទ្រ និងធ្វើពាណិជ្ជកម្មជាមួយប្រទេសចិនជាប្រាក់យន់ ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចក្នុងតំបន់។
លោកអភិបាលរងខេត្តក្វាងទុង ក៏បានអញ្ជើញរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ដឹកនាំប្រតិភូពាណិជ្ជកម្មកម្ពុជា ចូលរួមវេទិកាជំរុញពាណិជ្ជកម្ម នៅខេត្តក្វាងទុង ដែលនឹងរៀបចំនាពេលខាងមុខ។ ចំពោះបញ្ហានេះ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងរៀបចំវេទិកាជំរុញពាណិជ្ជកម្ម និងដោះដូរទស្សនកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដើម្បីបង្កឱកាសឲ្យពាណិជ្ជករ វិនិយោគិន បានជួបពិភាក្សា និងចាប់ដៃគូធ្វើពាណិជ្ជកម្មជាមួយគ្នា។
សូមបញ្ជាក់ថា ខេត្តក្វាងទុង ជាខេត្តមួយស្ថិតនៅភាគខាងត្បូងប្រទេសចិន ជាតំបន់សេដ្ឋកិច្ចដ៏ធំ របស់ប្រទេសចិន។ ទំហំពាណិជ្ជកម្មសរុប (នាំចេញ និងនាំចូល) របស់ខេត្តក្វាងទុង មានចំនួនប្រហែល ១/៤ នៃទំហំពាណិជ្ជកម្មសរុបរបស់ប្រទេសចិន៕