(ព្រះវិហារ)៖ ជនសង្ស័យប្រុសស្រី៣ នាក់ ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារបង្ក្រាបបាន រួមជាមួយវត្ថុតាងថ្នាំញៀនមួយចំនួនធំ ស្ថិតក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីអាវុធហត្ថខេត្តព្រះវិហារ បានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ថា យុទ្ធនាការបង្ក្រាជនសង្ស័យជួញដូរ និងចែកចាយគ្រឿងញៀនទាំង៣នាក់នេះ គឺធ្វើឡើងនៅថ្ងៃទី០៤ ខែកុម្ភៈ ម្សិលមិញ ដោយធ្វើមាន៣ដំណាក់កាល ដោយដំណាក់កាលទី១ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួន ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទី១ សមត្ថកិច្ចបានស្រាវជ្រាវរហូតចាប់ជនសង្ស័យ ២នាក់ទៀត នៅកន្លែងផ្សេងៗគ្នា រួមនិងវត្ថុតាងមួយចំនួនទៀត។
ការចុះបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនទាំង៣នេះ គឺដោយការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តផងដែរ។
ជាលទ្ធផលកម្លាំងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីបានចំនួន ៣នាក់ និងវត្ថុតាងថ្នាំញៀនចំនួន ៥កញ្ចប់ធំ ស្មើនឹង ១២.៨៤ក្រាម និង៤កញ្ចប់តូច ស្មើនឹង ០.៧៦ក្រាម ព្រមទាំងរថយន្ត ម៉ូតូ ទូរស័ព្ទថវិកាមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕