(ភ្នំពេញ)៖ តុលាការកំពូល នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខនេះ នឹងបើកសវនាការរឿងក្តីលោក អ៊ុំ សំអាន អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្គ្រោះជាតិ ។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី មេធាវីការពារក្ដីលោកអ៊ុំ សំអាន ថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ។
មន្ត្រីតុលាការកំពូលថ្លែងថា សវនាការនេះដឹកនាំដោយ លោក ឃឹម ប៊ុណ្ណ អនុប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក វ៉េង ប៊ុនធឿន ជាតំណាងមហាអយ្យការ ។
គួរបញ្ជាក់ថា ទាំងសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍សម្រេចដូចគ្នាផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៤លានរៀល ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស ។
តុលាការរកឃើញថា លោក អ៊ុំ សំអាន មានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និងញុះញង់ ឱ្យមានការរើសអើងជាតិសាសន៍ តាមរយៈការសរសេរ និងអត្ថាធិប្បាយពាក់ព័ន្ធផែនទីសន្ធិសញ្ញាព្រំដែន កម្ពុជា និងវៀតណាម ។
លោក អ៊ុំ សំអាន ជាប់ចោទចំនួនពីរបទល្មើស គឺបទញុះញង់ឱ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឱ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៥ រហូត ដល់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦៕