(មណ្ឌលគិរី)៖ ជនល្មើសទាំង៦នាក់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសាលាដំបូងខេត្តមណ្ឌលគិរី ដើម្បីបន្តការសួរនាំ។
សូមជម្រាបថា ជនល្មើសទាំង៦នាក់ នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈម្សិលមិញ សមត្ថកិច្ចបានបញ្ជូនទៅតុលាការដើម្បីសួរនាំម្តងរួចមកហើយ ប៉ុន្តែដោយសារពេលវេលាខ្លី ទើបសួរនាំមិនទាន់បញ្ចប់ជាស្ថាពរ ហើយត្រូវបញ្ជូនទៅតុលាការជាថ្មីនៅព្រឹកនេះ ដើម្បីឲ្យតំណាងអយ្យការអមសាលាដំបូង ខេត្តមណ្ឌលគិរីសួរនាំបន្ត មុននឹងបញ្ជូនទៅចៅក្រមស៊ើបសួរ។
សូមបញ្ជាក់ថា ជនដៃដល់ និងជនពាក់ព័ន្ធក្នុងរឿងឃាតកម្មបាញ់សម្លាប់មនុស្សនេះកើនឡើងរហូតដល់៦នាក់ រួមមាន៖
ទី១៖ ឈ្មោះ ផល ពេញ ជានាយនគរបាលប៉ុស្ដិ៍អូររលែ នៃវរការពារព្រំដែនលេខ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ ទី០២ ខែកុម្ភៈ ស្ថិតនៅហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នកបាញ់ផ្ទាល់ទៅលើជនរងគ្រោះទាំង៣នាក់
ទី២៖ ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ជាជនពាក់ព័ន្ធ
ទី៣៖ ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន
ទី៤៖ ឈ្មោះ ឡាយ សាវី ជាទាហានការពារព្រំដែន
ទី៥៖ ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរបាលប៉ុស្ដិ៍អូររលែ ដែលអ្នកទាំង៣នេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី០១ ខែកុម្ភៈ
ទី៦៖ ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវបានចាប់ខ្លួននៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
ដោយឡែកជនរងគ្រោះទាំង៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ។
សូមបញ្ជាក់ថា ការបាញ់ប្រហារនេះបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បានបណ្ដាលឲ្យស្លាប់មនុស្ស៣នាក់៕