(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨នេះតទៅ អគ្គនាយកដ្ឋាពន្ធដារ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចុះផ្ដល់សេវាពន្ធដារលើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ ដល់ទីតាំងរបស់ម្ចាស់អចលនទ្រព្យ ទាំងអស់ក្នុងរាជធានីភ្នំពេញ។
ការចុះផ្ដល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យនេះ ធ្វើឡើងដើម្បីស្រង់ស្ថិតិ ថតរូបទីតាំង និងសាកសួរព័ត៌មានមួយចំនួន អំពីអចលនទ្រព្យដូចជា អត្តសញ្ញាណម្ចាស់អចលនទ្រព្យ និងព័ត៌មានចាំបាច់ផ្សេងៗទៀត ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានអចលនទ្រព្យ ដែលបានចុះបញ្ជី នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ របស់អគ្គនាយកដ្ឋានពន្ធដារ។
ជាមួយគ្នានោះ ក្រុមការងារនឹងធ្វើការផ្សព្វផ្សាយ ពីបទប្បញ្ញាត្តិស្ដីពីពន្ធដារ ការផ្ដល់សេវាចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ ព្រមទាំងសេវាពន្ធដារផ្សេងទៀត ជូនម្ចាស់អចលនទ្រព្យគ្រប់រូប ឲ្យបានកាន់តែល្អប្រសើរ។
ដើម្បីផ្ដល់ភាពងាយស្រួល និងចៀសវាងការចំណាយពេលវេលា អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យម្ចាស់អចលនទ្រព្យទាំងអស់ ត្រៀមលក្ខណៈជាមុន និងរៀបចំចម្លងទុក នូវឯសារពាក់ព័ន្ធមួយចំនួន ជូនក្រុមការងារដូចជា៖
១៖ ករណីអចលទ្រព្យ បានចុះបញ្ជីពន្ធដាររួចរាល់ ត្រូវមាន៖
* បង្កាន់ដៃបង់ពន្ធលើអចលនទ្រព្យ
* ប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ (កាត់សម្រាប់បង់ពន្ធអចលនទ្រព្យ)
២៖ ករណីអចលនទ្រព្យ មិនទាន់ចុះបញ្ជីពន្ធដារត្រូវមាន៖
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបរទេស ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់លំនៅ
* ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលចេញដោយរដ្ឋបាលសុរិយោដី ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យ ដែលបញ្ជាក់ដោយអាជ្ញាធរឃុំ សង្កាត់ឡើងទៅ៕
សូមម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖