(កំពង់ចាម)៖ ទីតាំងជល់មាន់២កន្លែងផ្សេងគ្នា នៅក្នុងមូលដ្ឋានស្រុកកំពង់សៀម និងមូលដ្ឋានស្រុកចំការលើ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាបជាបន្ដបន្ទាប់ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ដោយឃាត់បានទាំងមនុស្ស និងដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួន។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែមករានេះថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ បានចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់ដាក់លុយ មួយកន្លែងនៅចំណុចភូមិដូនធី ឃុំបុសខ្នុរ។
ដោយក្នុងនោះ ឃាត់ខ្លួនមុខសញ្ញាលេងល្បែងម្នាក់ ឈ្មោះ ម៉ុល ធារ៉ា អាយុ៣២ឆ្នាំ និងដកហូតបានវត្ថុតាងរួមមាន៖ ម៉ូតូចំនួន០៦គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងមាន់ ០១, កញ្ជក់បាំងមាន់ចំនួន០១ ហើយក្រោយឃាត់ខ្លួនមុខសញ្ញាលេងល្បែង និងវត្ថុតាងខាងលើ បាននាំមកអធិដ្ឋាននគរបាលស្រុកចំការលើ ដើម្បីសាកសួរ និងកសាងសុំណំរឿងតាមនិតីវិធី។
លោកឧត្តមសេនីយ៍ស្នងការ បានបន្ថែមថា នៅរសៀលថ្ងៃទី០៤ ខែមករានេះ បន្ទាប់ពីទទួលបានពត៌មានពីប្រជាពលរដ្ឋ កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលរអាង ស្រុកកំពង់សៀម បានចុះល្បាតត្រួតពិនិត្យ នៅក្នុងភូមិសាស្ត្រក្នុងមូលដ្ឋាន រហូតមកដល់ចំណុចព្រែកស្វាយ ស្ថិតនៅក្នុងភូមិរអាងក្រោម ឃុំរអាង បានប្រទះឃើញអ្នកលេងល្បែងជល់មាន់ មួយក្រុមកំពុងជល់មាន់ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម អ្នកលេងល្បែងជល់មាន់ទាំងនោះ បានស្ទុះរត់ចោល ម៉ូតូចំនួន០២គ្រឿង (ម៉ាកស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ចំនួន០១គ្រឿង និងម៉ាកសេរូស ពណ៌ខ្មៅ ចំនួន០១គ្រឿង) និងបន្សល់ទុក នៅមាន់ជល់ងាប់០២ក្បាល, ជញ្ជីងថ្លឹងមាន់០១ ព្រមទាំងស្គត់រុំជើងមាន់មួយចំនួនទៀត។ បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីកសាង សំណុំរឿងតាមនីតិវិធី៕