(ប៉េកាំង, ចិន)៖ ក្នុងជំនួបសំណេះសំណាលជាមួយលោក យ៉ាង វ៉ី (Yang Wei) អភិបាលក្រុង Wu Shun នៃខេត្ត Liao Ning លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា បានលើកបង្ហាញនូវវិស័យអាទិភាព និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា ព្រមទាំងបាន ជំរុញឲ្យខេត្តរបស់ចិនមួយនេះពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យឧស្សាហកម្ម ក៏ដូចជាវិស័យទេសចរណ៍ និងកសិកម្មផង ដែរ។
ក្នុងកិច្ចសំណេះសំណាលនោះ អភិបាលក្រុង Wu Shun បានរាយការណ៍សង្ខេបអំពីសក្តានុពលនៃក្រុង Wu Shun ពោល ក្រុង Wu Shun ជាទីក្រុងមានបច្ចេកវិទ្យាខ្ពស់ និងអភិវឌ្ឍន៍ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ ដូចជា រោងចក្រចម្រាញ់ប្រេងកាត និងធ្យូងថ្មជាដើម។
បើតាមលោកអភិបាលក្រុង បច្ចុប្បន្នទីក្រុង Wu Shun បានកំពុងតែអភិវឌ្ឍន៍វិស័យផ្សេងទៀត ដូចជា វិស័យទេសចរណ៍ និងកសិកម្មផងដែរ។ លោកអភិបាលក្រុង សង្ឃឹមថា កម្ពុជា និងក្រុង Wu Shun នឹងពង្រឹងកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម ហើយបានអញ្ជើញលោករដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្មទៅទស្សនកិច្ចនៅទីក្រុង Wu Shun ដើម្បីស្វែងរកឱកាសសហការគ្នាលើវិស័យដែលបានរៀបរាប់ខាងលើ។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងថ្លែងអំណរគុណលោកអភិបាលក្រុង ដែលបានលើកជម្រាបជូនប្រតិភូកម្ពុជាពីសក្ដានុពលរបស់ទីក្រុង Wu Shun ព្រមទាំងបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិរវាងកម្ពុជា និងក្រុង Wu Shun លើវិស័យឧស្សាហកម្ម ទេចរណ៍ និងកសិកម្ម។ លោករដ្ឋមន្ត្រីបានលើកឡើងថា សព្វថ្ងៃវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា កំពុងចាប់ផ្ដើមអភិវឌ្ឍជាបណ្ដើរៗហើយ ជាក់ស្ដែង ក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ ក្នុងចំណោមរោងចក្រជាង១០០ មានរោងចក្រផលិតគ្រឿងបន្លាស់រថយន្ត រោងចក្រស្លរដែក ចាក់ពុម្ព និងផលិតបំពង់បង្ហូរប្រេងខ្នាតធំដែលមានរាងច្រើនសណ្ឋាន។ល។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី ក៏បានស្នើលោកអភិបាលក្រុង ជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាជនចិន និងវិនិយោគិន នៃទីក្រុង Wu Shun ទៅធ្វើទេចរណ៍ និងបោះទុនវិនិយោគ នៅប្រទេសកម្ពុជា។
តបតាមការអញ្ជើញរបស់លោកអភិបាលក្រុង លោក ប៉ាន សូរស័ក្តិ ថ្លែងថា នឹងរកពេលវេលាសមស្របណាមួយទៅទស្សនកិច្ចនៅទីក្រុង Wu Shun ដើម្បីស្វែងយល់អំពីវិស័យសក្តានុពល និងរកឱកាសសហការជំរុញពាណិជ្ជកម្មរវាងកម្ពុជា និងទីក្រុង Wu Shun៕