(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០១៨នេះ បានផ្តល់បទពិសោធន៍គន្លឹះៗមួយចំនួនដល់សិស្សានុសិស្សមកពីវិទ្យាល័យចំនួន៤ ក្នុងក្រុងសិរីសោភ័ណ ក្នុងវេទិកាតម្រង់ទិសការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សា និងការចែករំលែកបទពិសោធន៍ ដែលរៀបចំដោយយុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ។
លោក សួន បវរ បានថ្លែងទៅកាន់សិស្សានុសិស្សថា វេទិកាតម្រង់ទិសនេះ មានសារសំខាន់ចំពោះអនាគតសិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី ផ្តល់ចំណេះដឹង និងបទពិសោធន៍នានារបស់យុវនិស្សិតខេត្តបន្ទាយមានជ័យ ប្រចាំរាជធានីភ្នំពេញ ដើម្បីឲ្យមិត្តភក្តិរបស់ពួកគេយល់ដឹងពីសារសំខាន់នៃមុខរបរ និងការងារក្នុងការតម្រង់ទិស ទៅរកភាពរីកចម្រើននៃអនាគតរបស់ពួកគេ ក៏ដូចចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត។
វេទិកាដែលបានរៀបចំនាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ពីការយកចិត្តទុកដាក់ចំពោះតម្លៃនៃការសិក្សារបស់យុវនិស្សិត ចំពោះសិស្សានុសិស្សជំនាន់ក្រោយ ក៏ដូចទឹកចិត្តគិតគូរពីអនាគតយូរអង្វែង ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌។
លោកអភិបាលខេត្តបានថ្លែងប្រាប់សិស្សានុសិស្សថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបង្កើនការងារដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា មានដូចជាផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្ត្រ វិស័យទេសចរណ៍ វប្បធម៌ សាសនា បណ្តាញអគ្គីសនី ទឹកស្អាត វិស័យពាណិជ្ជកម្ម ឲ្យកាន់តែបោះជំហានទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ។ ភាពរីកចម្រើននេះ កើតឡើងបានដោយសារតែប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយដូចបច្ចុប្បន្ន។
នាឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវមានសីលធម៌ល្អ គុណធម៌ក្នុងការរស់នៅ ខិតខំប្រឹងប្រែតស៊ូរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ ដើម្បីភាពជោគជ័យនាថ្ងៃអនាគតដ៏ភ្លឺស្វាង៕