(ភ្នំពេញ)៖ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្អែកនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងរៀបចំសន្និបាតត្រួតពិនិត្យការងារបង្ក្រាបគ្រឿងញៀន ឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ត ឆ្នាំ២០១៨ ដែលពិធីបើកសន្និបាតនឹងធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំណែកពិធីបិទសន្និបាតនឹងធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
សន្និបាតការងារខាងលើ នឹងមានការចូលពីសំណាក់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក កងរាជអាវុធហត្ថលើផ្ទៃប្រទេស អភិបាល-អភិបាលរងរាជធានី-ខេត្ត អភិបាលក្រុង-ស្រុកជាប់ព្រំដែន និងព្រះរាជអាជ្ញា ដែលជាអនុប្រធាន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងគណៈកម្មការចម្រុះប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តំណាងស្ថានទូត អង្គការជាតិ-អន្តរជាតិ សរុបជាង៥០០នាក់។
អមជាមួយសន្និបាតត្រួតពិនិត្យគ្រឿងញៀននេះ ក៏នឹងមានកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី២ ឆ្នាំ២០១៧ ផងដែរ៕