(ភ្នំពេញ)៖ ជាមួយនឹងការរិះគន់ដ៏សែនទើសភ្នែក ចំពោះការប្រើប្រាស់បណ្ដាញសង្គម Facebook មួយចំនួន ដែលជាចំណែកមួយ ក្នុងការចែកចាយព័ត៌មានផងនោះ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បានបង្ហាញពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានចំនួន ១០ចំណុច ដល់ប្រជាពលរដ្ឋ ពិសេសអ្នកសារព័ត៌មានក្នុងយុគសម័យបច្ចេកវិទ្យាថ្មីនេះ ដើម្បីរួមចំណែកក្នុងការកែតម្រូវកំហុសឆ្គងទាំងនោះឡើងវិញ។
ក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានទាំង១០ចំណុច ដែលលោក ជា ច័ន្ទបរិបូរណ៍ លើកឡើងនោះរួមមាន៖
១៖ គោរពសច្ចធម៌ និងគោរពសិទ្ធិយល់ដឹងរបស់សាធារណជន
២៖ ត្រូវផ្សព្វផ្សាយដំណឹងដោយសុចរិត ព្រមទាំងធ្វើសេចក្តីអត្ថាធិប្បាយ ឬរិះគន់ឲ្យបានត្រឹមត្រូវ និងស្របតាមគតិយុត្តិធម៌
៣៖ អ្នកសារព័ត៌មានមិនត្រូវបំបាត់ចោលនូវព័ត៌មានសំខាន់ៗ ឬក្លែងបន្លំឯកសារផ្សេងៗឡើយ
៤៖ ប្រើវិធីសុចរិតត្រឹមត្រូវ ដើម្បីស្វែងរកព័ត៌មាន ឬរូបថត និងឯកសារផ្សេងៗ
៥៖ ត្រូវកែតម្រូវព័ត៌មានណាដែលចេញផ្សាយរួច ហើយមានលក្ខណៈមិនជាក់លាក់ ដែលបណ្តាលឲ្យមានការយល់ច្រលំ
៦៖ ជៀសវាងការផ្សាយព័ត៌មានណា ដែលនាំឲ្យមានការញុះញង់ ដែលនាំឲ្យមានការប្រកាន់ពូជសាសន៍
៧៖ ត្រូវគោរពសិទ្ធិ និងសេរីភាព រស់នៅក្នុងជីវភាពឯកជនរបស់បុគ្គល
៨៖ គោរពក្បួនវេយ្យាករណ៍ខ្មែរក្នុងការសរសេរព័ត៌មាន
៩៖ ហាមបោះពុម្ភផ្សាយអត្ថបទ រូបភាពអាសអាភាសន៍ និងរូបភាពអំពើហិង្សា
១០៖ ហាមលួចចម្លងស្នាដៃអ្នកដទៃមកធ្វើជាស្នាដៃរបស់ខ្លួនឯង។
ការបង្ហាញពីក្រមសីលធម៌អ្នកសារព័ត៌មានខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលា ស្តីពីក្រមលីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានប្រជាពលរដ្ឋ នៅសាលពហុបំណងនៃមជ្ឃមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) នាព្រឹកថ្ងៃទី០៤ កុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងនោះលោកបានបញ្ជាក់ថា កាប្រើប្រាស់បណ្តាញសង្គមសព្វថ្ងៃនេះ គឺមានចំណុចវិជ្ជមានផង និងអវិជ្ជមានផង ក៏ប៉ុន្តែចំណុចទាំងអស់នេះស្ថិតនៅលើអ្នកប្រើប្រាស់ខ្លួនឯង ថាតើគេដឹងពីរបៀបប្រើប្រាស់ ឬមិនដឹងតែប៉ុណ្ណោះ។
លោកបានរិះគន់យ៉ាងដូច្នេះថា «កាប្រើប្រាស់បណ្តាញសង្គមទៅបង្ហោះរឿងអាសអាភាសន៍ ឬការប្រើប្រាស់សារនយោបាយដែលប្រាសចាកពីច្បាប់ វាសុទ្ធតែជាទោសទណ្ឌហើយ បើសិនជាវាធ្វើឲ្យសង្គមមានការច្របូកច្របល់»។
លោកបានបន្ថែមថា Facebook របស់បុគ្គលណា វាបានបង្ហាញពីសីលធម៌ សុជីវធម៌របស់បុគ្គលនោះ បើសិនជាយុវជនមានការអប់រំពីគ្រួសារ ពីសង្គមបានល្អ នោះសកម្មភាព ឬការសរសេរបង្ហោះអ្វីទៅលើសង្គម Facebook ក៏បានល្អដែរ។
លើសពីនេះទៅទៀត លោកបានណែនាំថា ស្របពេលដែលមានការហូរចូលវប្បធម៌បរទេសចូលមកក្នុងប្រទេស តាមរយៈការប្រើប្រាស់បណ្ដាញសង្គម Facebook ប្រជាពលរដ្ឋកម្ពុជាក៏ត្រូវចេះបង្ហូរវប្បធម៌ល្អៗរបស់ជាតិចូលទៅប្រទេសគេវិញដែរ៕