(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានបង្ហាញនូវក្ដីរំពឹងថា ចំនួនអ្នកបោះឆ្នោតគាំទ្រ គណបក្ស ប្រជាជនកម្ពុជា (CPP) នឹងមានការកើនឡើង ដោយសារតែស្ថានភាពនយោបាយបច្ចុប្បន្ន កាន់តែមានភាពល្អប្រសើរឡើង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត ពេជ សោភ័ន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពី «គោលនយោបាយ របស់គណបក្សច្បាប់ និងនីតិវិធីក្នុងការ បោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ដល់អង្គបោះឆ្នោតទាំង៨៥រូប» នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
កម្មវិធីផ្សព្វផ្សាយ ស្ដីពី ច្បាប់ នីតិវិធីបោះឆ្នោត និងគោលនយោបាយ របស់បក្សជូនអង្គបោះឆ្នោត ខាងលើនេះ ក៏មានការអញ្ជើញចូលរួមពី លោក យឹម ណុលឡា សហប្រធាន ក្រុមការងារ ថ្នាក់កណ្ដាល ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលបានរៀបចំធ្វើឡើង នៅក្នុងទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្ដតាកែវ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា តាមសង្កេតឃើញ នៅក្នុងការបោះឆ្នោត បន្ដបន្ទាប់កន្លងមក ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ សម្លេងរបស់គណបក្សប្រជាជនកម្ពុជា គឺមានការកើនឡើងច្រើន ជាពិសេស នៅក្នុងស្រុកព្រៃកប្បាស គឺកើនឡើងទាំងអស់ ហើយក្នុងឃុំនីមួយៗ តួលេខមានការកើនឡើងច្រើន។
លោកបណ្ឌិត បានថ្លែងថា «យើងសង្ឃឹមថា ពីពេលនេះទៅមុខ កាន់តែកើនឡើង ដោយសារតែស្ថានភាពនយោបាយកាន់តែល្អប្រសើរ ដោយសារមានសម្ដេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា លោកបានបង្កនូវឱកាស រៀបចំឲ្យស្ថានភាពក្នុងប្រទេស មានសន្ដិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម សេដ្ឋកិច្ច ក៏កាន់តែល្អប្រសើរ ជីវភាពរបស់ប្រជាពលរដ្ឋ ក៏កាន់តែធូរធារ»។
មន្ដ្រីជាន់ខ្ពស់ CPP រូបនេះ បានបញ្ជាក់ថា របបគ្រាំពារកម្ពុជាសង្គម ក៏កាន់តែល្អ ទាំងរាស្ដ្រ ក៏ដូចជាមន្ដ្រីមានជីវភាពល្អ ព្រមទាំងរចនាសម្ព័ន្ធ កាន់តែងាយស្រួល ដែលធ្វើឲ្យការរស់នៅ កាន់តែប្រសើរ។
លោកបណ្ឌិតថា «ជាក់ស្ដែងគ្រាន់តែបរទេស គេមើលឃើញ គេមកហូហែរកាន់តែច្រើន ហើយកុំថាឡើយយើងក្នុងស្រុក សូម្បីក្នុងស្រុកយើងពេលមានបុណ្យម្ដងៗ ប្រជាពលរដ្ឋ មានលទ្ធភាព កម្សាន្ដកាន់តែច្រើន ដោយសារតែប្រជាពលរដ្ឋគាត់ធូរធារ»។
លោកបន្ដថា តាមរយៈពេលព្រឹកៗ មានមនុស្សហាត់ប្រាណកាន់តែច្រើន បញ្ជាក់ថា ពួកគាត់កាន់តែបារម្ភសុខភាពរបស់ពួកគាត់ ដោយសារតែជីវភាពរបស់គាត់កាន់តែល្អ ចឹងហើយ គាត់មិនសូវខ្វល់ចំពោះមុខរបបចិញ្ចឹមនោះទេ ព្រោះឥលូវគាត់មានជីវភាពធូរហើយ គាត់ត្រូវគិតពីសុខភាព និងអាយុរបស់គាត់វិញម្ដង។
លោកបណ្ឌិត ពេជ សោភ័ន បានលើកឡើងថា ទាំងអស់នេះបញ្ជាក់ជារួមមក ស្ថានភាពនៅក្នុងប្រទេសកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច សង្គម ក៏ដូចជានយោបាយ មានភាពកាន់តែល្អប្រសើរ កត្ដាទាំងអស់នេះហើយ ដែលជាបូរិលក្ខខណ្ឌ ដែលជាកត្ដាបង្កនូវឱកាស ឲ្យយើងទាំងអស់ ជាសមាជិកគណៈកម្មាធិការបក្ស របស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ដែលអាច មានការបម្រើប្រជាជន កាន់តែល្អប្រសើរ។
លោកបណ្ឌិត បានបន្ថែមទៀតថា ការងារជំហានបន្ដ គឺគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដាក់ចេញថ្មីៗ តាមរយៈមហាសន្និបាតវិសាមញ្ញាតំណាងទូទាំងប្រទេសរបស់ គណបក្ស ដូច្នេះនោះគឺជាទិសដៅធំ ដោយឡែកចេញពីទិសដៅធំនេះ គឺខាងស្រុក ក៏ដូចជាឃុំនីមួយៗ គេបានមកលម្អិត ដើម្បីឆ្លុងបញ្ចាំងនូវស្ថានភាពជាក់ស្ដែងផងដែរ»។
លោកបណ្ឌិត ពេជ សោភ័ន បញ្ជាក់ថា អ្វីដែលសំខាន់ នៅក្នុងយុទ្ធសាស្ដ្របន្ដនេះ គឺកត្ដាប្រជាជន ដែលជាកត្ដាមួយដ៏ធំ ដោះស្រាយកង្វល់របស់លោក ដើម្បីធ្វើលោកកាន់តែធូរធារ ព្រោះគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាគោលដៅ របស់គណបក្សប្រជាជនកម្ពុជា គឺការកាត់បន្ថយភាពក្រីក្រ ធ្វើឲ្យប្រជាពលរដ្ឋកាន់តែមាន កាន់តែស្រួល កាន់តែរស់នៅ ដោយសុខសាន្ដ និងកាន់តែមានសុភមង្គល។
ជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំ លោក យឹម ណុលឡា បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជានៅតែប្រកាន់ខ្ជាប់នូវគោលបំណងនិងឧត្តមគតិ គឺផ្សារ ភ្ជាប់រួមសុខទុកជាមួយប្រជាជន ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព អធ្យាក្រឹត្យ ប្រជាធិតេយ្យ និងវឌ្ឍនភាព៕