(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះបានបង្ក្រាបរថយន្ដកូរ៉េ ១គ្រឿង ពាក់ស្លាក់លេខវៀតណាម ដឹកឈើពេញបម្រុងលោតឆ័ត្រទៅប្រទេសវៀតណាម តែត្រូវជាប់អន្ទាក់សមត្ថកិច្ច នាវេលាទៀបភ្លឺឈានចូលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៧ ត្រងចំណុចស្ពានថ្មពុក ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
យោងតាមរបាយការណ៍អាវុធស្រុកស្នួលបានឲ្យដឹងថា កម្លាំងចម្រុះចូលរួមបង្ក្រាប់នោះ រួមមាន អាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្តក្រចេះ អាវុធហត្ថស្រុកស្នួល និងកម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ឃ្សឹម បានឃាត់រថយន្ដដឹកឈើ១គ្រឿង ម៉ាក HYUNDAI ពាក់លេខវៀតណាម 65K-6719 ដឹកឈើប្រភេទឈ្លីចពេញរថយន្ដ តែមិនបានឃាត់ខ្លួនអ្នកបើកបររថយន្ដនោះទេ ក្រោយពីកម្លាំងសមត្ថកិច្ចឃាត់រថយន្ដនោះ អ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់តែម្ដង។
បច្ចុប្បន្នរថយន្ដដឹកឈើនោះ ត្រូវបានសមត្ថកិច្ចដឹកជញ្ជូនយកមកសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ដើម្បីវាស់វែង និងកសាងតាមនីតិវិធីរបស់រដ្ឋបាលព្រៃឈើ៕