(ភ្នំពេញ)៖ ស្ដែងចេញពីការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចង្អុលណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រៀបចំបង្កើតមណ្ឌលសុខភាពមួយនៅក្នុងសហគមន៍បុរីសន្តិភាព២ ព្រមទាំងត្រូវមានរថយន្តសង្គ្រោះប្រចាំការ២៤ម៉ោង ដើម្បីបង្ខិតសេវាសុខាភិបាលឲ្យកាន់តែជិតប្រជាពលរដ្ឋក្នុងសហគមន៍មួយនេះ ឲ្យបានដិតដល់ជាទីបំផុត។
លោកអភិបាល ឃួង ស្រេង ចង្អុលបង្ហាញយ៉ាងដូច្នេះ ក្នុងឱកាសលោករួមជាមួយអាជ្ញាធរដែនដី និងមន្ត្រីពាក់ព័ន្ធ អញ្ជើញទៅសួរសុខទុក្ខ និងស្វែងយល់ពីសំណូមពររបស់ប្រជាពលរដ្ឋជាង ១,០០០គ្រួសារ នៅសហគមន៍បុរីសន្តិភាព២ ស្ថិតនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាមួយនឹងការលើកឡើងរបស់ប្រជាសហគមន៍ លោក ឃួង ស្រេង បានស្តាប់ និងទទួលយកសំណូមពរមួយចំនួនរបស់ពួកគាត់ ដើម្បីដោះស្រាយជូនតាមតម្រូវការចាំបាច់ ក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ មានដូចជាផ្លូវ ប្រព័ន្ធលូ សេវាសុខាភិបាលជាដើម។
ចំពោះតម្រូវការសុខាភិបាល លោក ឃួង ស្រេង បានណែនាំឲ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ រៀបចំបង្កើតឲ្យមានមណ្ឌលសុខភាពមួយនៅទីនេះ នឹងត្រូវដាក់រថយន្តសង្គ្រោះប្រចាំការផងដែរ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋពេលមានបញ្ហាផ្នែកសុខភាព និងជួយសង្គ្រោះបានទាន់ពេលវេលា។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍នៅទីនេះ មានមកពីសហគមន៍ដីក្រហម សហគមន៍បឹងកក់ និងមកពីប្រភពផ្សេងៗមួយចំនួនទៀត ដែលពួកគាត់បានផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងបុរីសន្តិភាព២នេះ តាំងពីឆ្នាំ២០០៦-២០០៩ លើផ្ទៃដីសរុប ២៣ហិកតា។ រហូតមកដល់ពេលនេះ សហគមន៍បុរីសន្តិភាព២ មានការប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័សមានទឹក មានភ្លើងរដ្ឋប្រើប្រាស់ មានផ្លូវបេតុង មានផ្សារ ហើយនៅពេលថ្មីៗនេះ ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានពង្រីកខ្សែរត់សម្រាប់រថយន្តក្រុងដឹកអ្នកដំណើរទៅដល់សហគមន៍នេះផ្ទាល់ ធ្វើឲ្យពួកគាត់កាន់តែងាយស្រួលក្នុងការធ្វើដំណើរ និងចំណាយថវិកា និងពេលវេលាតិចថែមទៀតផង។
លោកអភិបាលរាជធានី បានណែនាំដល់ប្រជាសហគមន៍ត្រូវប្រើប្រាស់ផ្ទះចំនួន ៧ល្វែង ដើម្បីទុកជាប្រយោជន៍សាធារណៈ និងសម្រាប់ការងារសហគមន៍។ ទន្ទឹមនឹងការណែនាំឲ្យមន្ត្រីមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរដែនដី ឲ្យគិតគូរពីតម្រូវការរបស់ប្រជាពលរដ្ឋបន្ថែមនោះ លោក ឃួង ស្រេង បានអះអាងថា ជានិច្ចកាលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតែផ្តល់ការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ មិនធ្វេសប្រហែសឡើយ៕